Inter ធ្វើឱ្យមានភាពតានតឹងដល់ Liverpool ក្រោយចង់ចាប់កីឡាករមួយទៀត

ក្លឹបអ៊ីតាលី Inter Milan បានធ្វើការទាក់ទងក្លឹប Liverpool ក្នុងការខ្ចីជើងខ្សែប្រយុទ្ធ Daniel Sturridge នេះបើយោងតាមការចុះផ្សាយរបស់ Goal ។
បើតាមប្រភពដដែល បានឲ្យដឹងថា Inter Milan បានដាក់រួចហើយនូវសំណើរបស់ខ្លួនក្នុងការនាំយក Sturridge ឲ្យទៅលេងនៅ អ៊ីតាលីក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ Goal ក៏បានគូសបញ្ជាក់ថា ក្នុងសំណើនោះផងដែរ ក៏មាននិយាយពី ថ្លៃក្នុងការខ្ចីជើង ការរ៉ាប់រងប្រាក់ឈ្នួលកីឡាករ ព្រមទាំងលក្ខខណ្ឌក្នុងការបើកផ្លូវឲ្យក្លឹបទាំងពីរអាចចរចាក្នុងន័យអាចធ្វើឲ្យការផ្ទេរនេះ ប្រែពីការខ្ចីជើង ទៅជាការទិញដាច់ដែរ។
ទោះជាយ៉ាងណា Goal បានសង្កត់ធ្ងន់ដែរថា ក្លឹបអេស្ប៉ាញ Sevilla ក៏បានបង្ហាញការចាប់អារម្មណ៍ចង់បាន Sturridge ផងដែរ បើទោះជាក្លឹបមិនទាន់ស្រវេស្រវារត់ការដល់ដំណាក់កាលដូច Inter Milanក៏ដោយ។
Sturridge ធ្លាប់ជាកីឡាករមួយដ៏សំខាន់របស់ក្លឹបហង្សក្រហម ប៉ុន្តែដោយសារបញ្ហារបួសរ៉ាំរ៉ៃពេក ធ្វើឲ្យធ្លាក់ទម្រង់លេង រហូតត្រូវបានគេមើលឃើញថា ជាកីឡាករជម្រើសទី ២ របស់ក្លឹប នៅប៉ុន្មានរដូវកាលចុងក្រោយ។ ជាក់ស្ដែងខ្សែប្រយុទ្ធរូបនេះ ត្រូវបានលោក Jurgen Klopp ដាក់ឲ្យចូលលេងតាំងពីដើមតង់ ត្រឹមតែ ៥ប្រកួតក្នុងរដូវកាលនេះ៕
ប្រភពពី៖ goal