ប្រធាន​នាយក​ប្រតិបត្តិ​​របស់​ក្លឹប Inter Milan លោក Giuseppe Marotta បាន​និយាយ​ថា ពួក​គេ​កំពុង​បើក​ការ​ចរចា​​ដើម្បី​ចុះ​កុងត្រា​​យក Romelu Lukaku របស់ Chelsea និង Paulo Dybala របស់ Juventus។

Paulo Dybala នឹង Romelu Lukaku
Paulo Dybala នឹង Romelu Lukaku

កន្លង​ទៅ​ BBC ធ្លាប់​បាន​រាយការណ៍​ថា Lukaku អាច​នឹង​​សុខចិត្ត​​កាត់​ថ្លៃ​ពលកម្ម​​ដើម្បី​ត្រលប់​ទៅ​ចូលរួម​ជាមួយ Inter ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង បន្ទាប់​ពី​ផ្លាស់​មក​កាន់ Chelsea កាល​ពី​រដូវ​ក្ដៅ​មុន​ក្នុង​តម្លៃ​ខ្លួន​៩៧,៥​លាន​ផោន។

និយាយ​ប្រាប់ Radio Rai លោក Marotta ឲ្យ​ដឹង​ថា Lukaku និង Dybala គឺ​ជា​គោលដៅ​របស់ Inter។ ក្លឹប​ក៏​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀងក្នុង​ការ​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​បម្រើ Henrik Mkhitaryan របស់ Roma និង​អ្នក​ចាំ​ទី​របស់ Ajax កីឡាករ Andre Onana។ យ៉ាងណា​ក្លឹប​កំពុង​តែ​ពិចារណា​​បញ្ហា​​​ហិរញ្ញវត្ថុ​ ប្រសិន​បើ​​ទិញ Lukaku និង Dybala មិន​បាន​ ក្លឹប​នឹង​ស្វែង​រក​គោលដៅ​ថ្មី។

កន្លង​ទៅ Lukaku ធ្លាប់​បាន​និយាយ​ថា គេ​មិន​សប្បាយ​ចិត្ត​ក្នុង​តំណែង​លេង​របស់​គេ​ក្រោម​ការ​ដឹក​នាំ​​របស់​លោក Thomas Tuchek និង​​ចង់​ត្រលប់​ទៅ​កាន់ Inter Milan វិញ។ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​រក​បាន​១៥​គ្រាប់​គិត​គ្រប់​កម្មវិធី​ឲ្យ​តោខៀវ​កាល​ពី​រដូវ​កាល​មុន ក្នុង​នោះ​៨​គ្រាប់​នៅ​ក្នុង Premier League៕