ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​ក្នុង​ជំនួប​ Milan Derby ក្រុម​ Inter Milan បាន​យក​ឈ្នះ​អ្នក​ជិត​ខាង​ AC Milan ៤​-២ ឡើង​ឈរកំពូល​តារាង​ Serie A។​

Inter Milan vs​ AC Milan
Inter Milan 4-2 AC Milan

Inter ដណ្តើមបាន៥៤ពិន្ទុស្មើជាមួយនឹងក្រុម Juventus ដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Hellas Verona កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ឈរពីលើក្រុមម្ចាស់ការពារជើងឯកមួយនេះ ដោយសារតែមានគ្រាប់បាល់ច្រើនជាង បន្ទាប់ពីបានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Ante Rebic និង Zlatan Ibrahimovic។ ក្រុម Lazio កំពុងតែដេញតាមពីក្រោយត្រឹមតែ១ពិន្ទុគត់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីកីឡាករ Felipe Caicedo បានស៊ុតបញ្ចូលទី ក្នុងពេលពួកគេបានផ្តួលក្រុម Parma ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។

ក្រុម AC Milan បានគ្រប់គ្រងការប្រកួតក្នុងតង់ទី១ស្ទើរតែទាំងស្រុង ខណៈដែលក្រុម Inter បានជួបការលំបាកក្នុងការទប់ស្កាត់ខ្សែប្រយុទ្ធជើងចាស់ Ibrahimovic ដែលបានទទួលបាល់ពី Diego Godin នៅមុនពេលស៊ុតបាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី Daniele Padelli។ ការវាយបករបស់ក្រុម Inter បានកើតឡើងក្នុងរយៈពេល៥នាទី បន្ទាប់ពីសម្រាកតង់ទី១ នៅពេលដែលកីឡាករ Brozovic បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ហើយ Mattias Vecino បានទទួលបាល់ពីការបញ្ជូនរបស់ Alexis Sanchez ដើម្បីស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងរយៈពេល២នាទីក្រោយមក មុននឹង Stefan De Vrij និង Romelu Lukaku បំពេញជ័យជម្នះសម្រាប់ក្រុម Inter

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក​ Antonio Conte​ ឡើង​ទៅ​កំពូល​តារាង​ Serie A វិញ​ មាន​ពិន្ទុ​៥៤ ស្មើ​គ្នា​ជាមួយ​ Juventus ប៉ុន្តែ​មាន​គ្រាប់​សំណល់​ច្រើន​ជាង៕ ​