photo of John Terry
John Terry ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ​ដើម្បីទទួល​តំណែង​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ Dean Smith

អតីតខ្សែការពារឆ្នើមក្លិបតោខៀវ Chelsea លោក John Terry បានប្រកាសចូលនិវត្តពីកីឡាករបាល់ទាត់តាំងតែពីថ្ងៃ អាទិត្យ មកម្ល៉េះ ដើម្បីចូលកាន់ដំណែងថ្មីជាជំនួយការរបស់គ្រូបង្វឹកថ្មីលោក Dean Smith នៃក្លិប Aston Villa ។

ក្លឹប Aston Villa ​បាន​តែងតាំង​លោក Dean Smith ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ថ្មី​របស់​ខ្លួន ​ហើយ​បាន​តែងតាំង​កីឡាករ Terry ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក។ លោក Smith ​បាន​និយាយ​ថា​លោក​មាន​ក្ដី​ស្រមៃ​ដឹក​នាំ​ក្រុម​នេះ​ជា​យូរ​មក​ហើយ ​ខណៈ​ដែល​ពេល​នេះ​ក្ដី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ លោក ​យក terry ​មក​ធ្វើ​ការ​ជាមួយ​នេះ គឺ​មក​ពី​អតីត​កីឡាករ Chelsea ​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន​នៅ​លីគ​កំពូល​អង់គ្លេស ​ហើយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ក្រុម​ឡើង​មក​ខ្លាំង​វិញ​បាន។

photo of Dean Smith
គ្រូបង្វឹកថ្មីលោក Dean Smith នៃក្លិប Aston Villa

ក្នុងនោះដែរ លោក Terry ក៏បាននិយាយដែរថា៖ «ថ្វីត្បិតតែខ្ញុំបានចូលនិវត្តពីកីឡាករបាល់ទាត់មែន ប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាខ្ញុំនឹងយកបទពិសោធន៍ល្អៗដែលខ្ញុំធ្លាប់លេងនៅក្នុងជម្រើសជាតិអង់គ្លេសអស់ជាច្រើន ដើម្បីមកជួយដល់ក្លិប ហើយ Dean ក៏ជាអ្នកដែលមានបទពិសោធន៍ច្រើនផងដែរ ដូច្នេះខ្ញុំគិតថាអ្វីគ្រប់យ៉ាងនៅទីនេះនឹងល្អប្រសើរឡើងវិញ»។

photo of John Terry
John Terry ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ​ដើម្បីទទួល​តំណែង​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ Dean Smith

គួរឲ្យដឹងថា លោក John Terry គឺជាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសដ៏ឆ្នើមម្នាក់ ហើយលោកក៏ធ្លាប់ប្រកបអាជីពជាមួយក្លិបធំជាច្រើនដូចជាៈ ក្លិប Chelsea (បង្ហាញខ្លួនចំនួន ៤៩២ប្រកួត, ស៊ុតបញ្ចូលទីបាន ៤១គ្រាប់), ក្លិប Nottingham Forest (បង្ហាញខ្លួនចំនួន ៦ប្រកួត, មិនបានស៊ុតបញ្ចូលទីសូម្បីតែ ១គ្រាប់) និងក្លិប Aston Villa (បង្ហាញខ្លួនចំនួន ៣២ប្រកួត, ស៊ុតបញ្ចូលទីបាន ១គ្រាប់)៕