ក្លិបសេះបង្គង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលក់ខ្សែប្រយុទ្ធ Alvaro Morata ដើម្បីប្រមូលលុយទិញយកខ្សែប្រយុទ្ធ ​Dusan Vlahovic និង ​Mauro Icardi នៅរដូវកាលក្រោយ។

Alvaro Morata
Alvaro Morata

ពិតណាស់ កីឡាករ Vlahovic ត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយក្លិប Manchester City, Liverpool និង Tottenham Hotspur ហើយត្រូវគេរំពឹងថានឹងចាកចេញពីក្លិប Fiorentina នៅក្នុងទីផ្សារដោះដូរកីឡាករ នាពេលខាងមុខនេះ បន្ទាប់ពីគេបានបដិសេធមិនព្រមបន្តកុងត្រាថ្មី ខណៈដែលកុងត្រានឹងផុតកំណត់នាខែមិថុនា ឆ្នាំ ២០២៣។

Dusan Vlahovic និង ​Mauro Icardi
Dusan Vlahovic និង ​Mauro Icardi

ខណៈដែល Icardi ហាក់ពុំសូវបានចូលលេងជម្រើសដំបូងទៀងទាត់ឡើយនៅ PSG ក្រោយផ្លាស់មកពី Inter Milan មកកាន់ក្លិបបារាំងមួយនេះ កំលុងខែកញ្ញា ឆ្នាំ២០២០។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបគីឡូធ្ងន់របស់អីតាលី Juventus កំពុងពិចារណាលក់ម្ចាស់អាវលេង៩បច្ចុប្បន្ន គឺ Morata ខណៈបានកំណត់យក Vlahovic និង Icardi ជាគោលដៅចម្បងរបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

គួររម្លឹកថា Morata មកចូលរួម Juventus ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន២រដូវកាល ពី Atletico Madrid គឺតាំងពីខែកញ្ញា ឆ្នាំ២០២០ ដោយចំណាយអស់ប្រហែល ១៧លានផោន (ឬប្រមាណ២៣លានដុល្លារ) ហើយក្លិបសេះបង្គង់មានជម្រើសទិញដាច់​ក្នុងតម្លៃប្រហែល ២៩.៧លានផោន (ឬប្រមាណ ៤០លានដុល្លារ) នៅរដូវកាលក្រោយ។

ហើយបើ ​Juventus ទិញយកទាំង Vlahovic និង Icardi ដែលរួមបញ្ចូលគ្នាមានតម្លៃប្រហែល១០០លានផោន (ឬប្រមាណ ១៣៦លានដុល្លារ) ដូច្នេះការដែលសម្រេចលក់ Morata នឹងអាចជួយសម្រួលដល់ពួកគេបាន៕