ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថាបាននឹងកំពុងរៀបចំការប្រឈមមុខដាក់គ្នាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain។

photo of Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Mbappe គឺជាកូនសោរសំខាន់ដែលជួយបារាំងឲ្យឈ្នះពាន World Cup កាលពីឆ្នាំមុន ហើយតាំងពីផ្លាស់ពី Monaco មកចូលរួមជាមួយ PSG គេរកគ្រាប់បាល់បាន ៦៦គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួន ៩៥ប្រកួត។

សម្រាប់រដូវកាលថ្មីដែលទើបតែចាប់ផ្ដើមបាន ៨ប្រកួត Mbappe រកបាន ៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៤ដង។ ហើយកាលពីថ្ងៃអង្គារ៍កន្លងទៅថ្មីៗនេះ គេក៏ទើបតែរកបាន Hat-Trick ក្នុងការប្រកួតជាមួយ Club Brugge ក្នុងពានរង្វាន់ UEFA Champions League ផងដែរ។

ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះមកលេងនៅកីឡដ្ឋាន Santiago Bernabeu ជាខ្លាំង។

Kylian Mbappe

យ៉ាងណាមិញ បើតាមប្រភពពីក្នុងប្រទេសអ៊ីតាលី ក្លិប Juventus ក៏ចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះដូចគ្នា ដោយជើងឯកអ៊ីតាលីអាចនឹងហ៊ានចំណាយប្រាក់រហូតដល់ ៣២៨លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្នកចាត់ការទូទៅរបស់ Jvuentus លោក Maurcio Sarri អាចនឹងដាក់កីឡាករ Paulo Dybala ជាថ្នូរនឹងការនាំយកត្រឡប់មកវិញនូវ Mbappe ដោយ PSG ត្រូវបានគេដឹងថាក៏ចាប់អារម្មណ៍មកលើ Dybala ដូចគ្នា។

photo of Paulo Dybala
ខ្សែប្រយុទ្ធឆ្នើម Paulo Dybala

គួរឲ្យដឹងដែរថា សុពលភាពកុងត្រារវាងកីឡាករ Kylian Mbappe និងក្លិប Paris Saint-Germain មានរហូតទៅដល់រដូវក្ដៅឆ្នាំ២០២២ ឯណោះ៕