Kai Havertz ខំលេងទាំងខ្លួនឯងមានរបួសកូនដៃ
អ្នកចាត់ការ Thomas Tuchel បានសរសើរដល់ខ្សែប្រយុទ្ធ Kai Havertz ដែលបានប្រឹងលេងទាំងមានរបួសបាក់ម្រាមដៃក្នុងជំនួប Chelsea យកឈ្នះ ២-០ លើ Spurs ពានរង្វាន់ League Cup។

Havertz រកបានមួយគ្រាប់ ដែលជាគ្រាប់ទី៥ក្នុងរដូវកាលនេះ ជួយឲ្យតោខៀវឈ្នះមាន់ខ្នាយមាស ប៉ុន្តែកីឡាករសញ្ជាតិអាល្លឺម៉ង់បានមានបញ្ហាបាក់ម្រាមដៃនៅមុនបញ្ចប់វគ្គទីមួយ។
កីឡាករវ័យ២២ឆ្នាំបានព្យាយាមប្រឹងលេងរហូតដល់ចប់វគ្គទីមួយ បន្ទាប់មកក៏ផ្លាស់ប្ដូរចេញក្នុងវគ្គទីពីរជំនួសដោយកីឡាករ Timo Werner។ ត្រង់ចំណុចនេះលោក Tuchel បានសរសើរថា Havertz មានបញ្ហាម្រាមដៃ។ គេបានបាក់ម្រាមដៃនិងមើលទៅគូរឲ្យស្រៀវ។ ហើយគេខំលេងទាំងឈឺចាប់ រហូតដល់ចប់វគ្គទីមួយ មុនពេលផ្លាស់ប្ដូរចេញ។
នេះគឺជាការប្រកួតជើងទីមួយក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup រវាង Chelsea និង Spurs។ សម្រាប់ការប្រកួតជើងទីពីរនឹងលេងនៅថ្ងៃទី ១២ ខែ មករាខាងមុខ៕