photo of Khmer United
Khmer United បន្តឈ្នះ៨ប្រកួតជាប់ៗគ្នាព្រឹត្តិការណ៍ Khmer Real Estate League

ក្រុម Khmer United នៅតែរក្សាខ្លួននៅលើកំពូលតារាងដដែល ដោយបានកសាងប្រវត្តិថ្មី មួយ នារដូវកាល ២០១៨នេះ ក្រោយពីរកបាន៣ពិន្ទុបន្ថែម នាជំនួបសប្តាហ៍ទី៨ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ ពាក់កណ្ដាលអាជីព Khmer Real Estate League រដូវកាលទី៧ ឆ្នាំ២០១៨។

អតីតក្រុមជើងឯករងច្រើនសម័យកាល Khmer United ដែលរកបាន៣ពិន្ទុបន្ថែមនោះ គឺក្រោយពីបាន យកឈ្នះក្រុមយុវជនសង្ការស្នោរ ដោយ លទ្ធផល ៤ទល់០ នៅលើទីលានដំរីស ដោយបន្តរក្សាខ្លួន នៅចំណាត់ ថ្នាក់លេខ១បណ្តោះអាសន្ន ក្នុងចំណោមក្រុមចូលរួមចំនួន២០ ដោយមាន២៤ពិន្ទុ ខណៈក្រុមខ្លាំងៗមួយចំនួន ទៀត ដូចជាក្រុម Blue Dragon, Avatar និងក្រុម Reil PP កំពុងប្រដេញពិន្ទុប្រកៀកប្រកិតគ្នា។ ក្រុម Blue Dragon, Avatar និងក្រុម Reil PP មាន ២១ពិន្ទុស្មើៗគ្នា ដោយឈរនៅលេខរៀងទី២ដល់ទី៤។

ចំពោះលទ្ធផលជាច្រើនទៀត នៅសប្តាហ៍ទីនេះ គឺក្រុម Blue Dragon បានយកឈ្នះក្រុមយុវជនច្បាប់ ២ទល់១ ខណៈក្រុម Avatar ឈ្នះក្រុមអាណាចក្រទួលគោក ៥ទល់៣ រីឯក្រុម Reil PP ប្រកួតឈ្នះក្រុម Giant នៅក្នុងលទ្ធផល ៦ទល់១។ ចំពោះលទ្ធផល៥ប្រកួតផ្សេងទៀត គឺក្រុម   Mambo PP ឈ្នះ V.Train ៥-១, យុវជន ខេត្តកំពង់ចាមឈ្នះយុវជនតាំងគោក ៣-១, Anvaya ឈ្នះក្រុមកូនខ្មែរ ៣-១, ក្រុម HHK ឈ្នះយុវជនវត្តកោះ ៥-៣ និងក្រុមទន្សោងអែហ្វស៊ី យកឈ្នះក្រុមបាសាក់ ២-១។ រីឯរការប្រកួតរវាងក្រុម  Bayon Wanderers និងក្រុម RFL ត្រូវបានលើកការប្រកួតមក នៅពាក់កណ្តាលសប្តាហ៍នេះវិញ។

សូមរំឭកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្ដាលអាជីព Khmer Real Estate League រដូវកាលទី៧ ឆ្នាំ២០១៨នេះត្រូវបន្តជួបគ្នាគ្រប់ក្រុមទាំងអស់ ដើម្បីប្រកួតសន្សំពិន្ទុសុទ្ធតាមរូបមន្តលីគ ដោយក្នុង១ក្រុមមាន ១៩ប្រកួត ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងឡើទៅគ្រងម្ចាស់ដំណែងជើងឯកតែម្តង៕