Kieran Trippier របស់ក្រុម At Madrid បានចូលរួមជាមួយ Newcastle
Kieran Trippier នឹងក្លាយជាកីឡាកររបស់សារិកាព្រៃ Newcastle ក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះ ក្រោយក្លឹប Atlético Madrid បានព្រមព្រៀងជាមួយតម្លៃ១២លានផោនជាមួយការបន្ថែមលុយផ្សេងៗ។

ខ្សែបម្រើស្លាបស្ដាំរបស់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា ខ្លួនរបស់គេផ្ទាល់បានព្រមព្រៀងជាមួយការផ្ទេរនេះរួចទៅហើយ បន្ទាប់ពីគេបានបញ្ជូនភ្នាក់ងារតំណាងខ្លួនទៅជួបចរចាជាមួយ Newcastle ។ ឥឡូវនេះក្រុមការងាររបស់ក្លឹបនៅអង់គ្លេសកំពុងញាប់ដៃជើងក្នុងការរៀបចំឲ្យ Kieran Trippier ធ្វើតេស្តសុខភាពមុនពេលការប្រកាសផ្លូវការថាជាកីឡាកររបស់សារិកាព្រៃត្រូវបានធ្វើឡើង។
Kieran Trippier គឺជាកីឡាករដែលត្រូវបាន Newcastle ទិញចូលដំបូងគេ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលអ្នកមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលបានទិញក្លឹបនេះកាលពីខែតុលា ឆ្នាំ២០២០។
យ៉ាងណាការចរចាទិញយកកីឡាករវ័យ៣១ឆ្នាំខាងលើបានដំណើរការកាលពីខែធ្នូមក ហើយក្លឹប Atlético ក៏បានយល់ព្រមក្នុងការលក់កីឡាកររូបនេះដែរ ក្រោយពេលដឹងថារូបគេចង់ចាកចេញ ដើម្បីវិលទៅកាន់ទឹកដីអង់គ្លេសវិញ៕