អ្នក​ចាត់​ការ Jurgen Klopp បាន​សន្យា​ថា Liverpool នឹង​មិន​មើល​ស្រាល Villarreal ក្រុម​របស់​លោក Unai Emery ឡើយ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League។

Jurgen Klopp
Jurgen Klopp

ហង្សក្រហម​នឹង​​​បើក​កីឡដ្ឋាន Anfield ​ស្វាគមន៍​ក្រុម​ខ្លាំង​មក​ពី La Liga សម្រាប់​ជើង​ទី​មួយ​នៅ​រាត្រី​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ។ Villarreal បាន​បង្ក​​ភាព​ភ្ញាក់ផ្អើល​​ក្នុង​រដូវ​កាល​នេះ​ដោយ​បាន​ទម្លាក់ Juventus ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ រួច​បន្ត​បំបាក់ Bayern Munich នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ទៀត។ ចំណុច​នេះ​ហើយ​លោក Klopp បាន​រំឭក​ថា Liverpool នឹង​មិន​មើល​ស្រាល Villarreal ឡើយ។

មុន​ការ​ប្រកួត​មក​ដល់​លោក Klopp បាន​និយាយ​ថា Villarreal បាន​ទទួល​ផល​​ចំណេញ ដោយ​សារ​តែប្រហែល Juventus និង Bayern បាន​មើល​ស្រាល​ពួក​គេ ប៉ុន្តែ​វា​មិន​អាច​កើត​ឡើង​​ឡើយ​សម្រាប់ Liverpool។ Villarreal ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​នេះ​ក៏​ជា​រឿង​សំខាន់​ដូច​គ្នា​សម្រាប់​ហង្សក្រហម។ Klopp ក៏​បាន​សរសើរ​ផង​ដែរ​ថា Unai ជា​អ្នក​ចាត់​ការ​ពូកែ​ម្នាក់។

រំឭក​ថា លោក Klopp ធ្លាក់​ចុក​ឈាម​ដោយ​សារ​លោក Unai ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៦ ពេល​ដែល Liverpool ជួប Sevilla ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។ កាល​ពី Sevilla បាន​យក​ឈ្នះ ២-១ ក្លាយ​ជា​ម្ចាស់​ជើងឯក UEL៕