លោក Ronald Koeman គ្រូ​បង្គោល​ក្លឹប Barcelona បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា លោក​ហាក់​បី​ដូច​ជា​បាត់បង់​ទំនុក​ចិត្ត​ពី​ក្លឹប ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា Barcelona មាន​បំណង​ចង់​ដាក់​គ្រូ​ថ្មី​មក​ជំនួស។

Ronald Koeman
Ronald Koeman

អតីត​ខ្សែ​ការពារ​ក្លឹប Barcelona រូប​នេះ​បាន​និយាយ​ថា៖ ” នៅ​ជុំ​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ក្លឹប​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្ញុំ។ ពួក​យើង​មិន​បាន​ពិភាក្សា​លើ​រឿង​អនាគត​ ហើយ​ខ្ញុំ​ក៏​យល់​ដែរ​ថា រឿង​ហេតុ​ទាំង​អស់​គឺ​ដោយសារ​តែ​លទ្ធផល​មិន​សូវ​ល្អ។ ខ្ញុំ​ក៏​យល់​ដែរ​ថា ការ​ផ្លាស់ប្ដូរ​ត្រូវ​តែ​មាន ដើម្បី​ឲ្យ​ក្លឹប​បាន​ឈ្នះ​ឡើង​វិញ ” ។

បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​បាន​បន្ត​ថា៖ ” ខ្ញុំ​គិត​ថា វា​ក៏​មិន​អី​ដែរ ប្រសិន​បើ​គេ​ចង់​បាន​គ្រូ​ថ្មី ឬ កីឡាករ​ថ្មី​ណា​មួយ តែ​រឿង​ទាំង​អស់​នេះ​ត្រូវ​តែ​និយាយ​ឲ្យ​ដឹង​គ្នា​សិន ” ។

Barcelona រដូវ​កាល​នេះ​កំពុង​ឈរ​​លេខ ៣ នៅ​តារាង La Ligaដោយ​មាន ៧៦ពិន្ទុ។ កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន​អេស្ប៉ាញ​ភាគ​ច្រើន​នៅ​ផ្នែក​តំបន់​កាតាឡាន់​បាន​ចុះ​ផ្សាយ​ថា លោក Hansi Flick គ្រូ​ Bayern Munich ជា​ជម្រើស​ទី១ របស់​លោក Joan Laporta ប្រធាន​ក្លឹប Barcelona ក្នុង​ការ​ជំនួស​លោក Koeman៕