Koeman ៖ ខ្ញុំពិតជារីករាយក្នុងការបន្តដឹកនាំ Barcelona ច្រើនឆ្នាំទៀត
អ្នកចាត់ការសញ្ជាតិហុល្លង់លោក Ronald Koeman បានសម្ដែងការសប្បាយរីករាយក្នុងការចង់បន្តនៅដឹកនាំ Barcelona រយៈពេលច្រើនឆ្នាំទៀត។

កុងត្រារបស់បុរសហុល្លង់ នឹងផុតនៅរដូវកាលឆ្នាំ២០២១-២០២២ ខណៈដែលអតីតកីឡាកររបស់ Barcelona រូបនេះបង្ហាញក្ដីរំពឹងថា លោក Joan Laporta នឹងអាចអនុញ្ញាតិឲ្យខ្លួនបន្តដឹកនាំអ្នកមានបុណ្យច្រើនឆ្នាំទៀត។

កៅអីរបស់លោក Ronald Koeman ដែលពីធ្លាប់ក្ដៅកាលចុងរដូវកាលមុន បានប្រែមកជាមើលទៅហាក់មានសុវត្ថិភាពក្រោយពេលចាប់ផ្ដើមរដូវកាលនេះបានល្អ។ ប៉ុន្តែយ៉ាងណាការចរចាសម្រាប់កុងត្រាថ្មីជាមួយអ្នកចាត់ការ ហុល្លង់ ហាក់មានស្ថានភាពលំបាកមួយ ក្រោយពេលគេឃើញថាប្រធានក្លឹប Barca ត្រូវបានផ្លាស់ប្ដូរ។
ក្នុងបទសម្ភាសន៍មួយជាមួយ Sport និង Mundo Deportivo របស់ប្រទេសអេស្ប៉ាញលោក Koeman បាននិយាយថា«ខ្ញុំបើកចំហរ សម្រាប់ការចរចាបន្តកុងត្រាបន្ថែម។ ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការនៅ Barcelona បន្តច្រើនឆ្នាំទៀត»។
បុរសខាងលើបន្ថែមថា បើទោះបីជាបច្ចុប្បន្នក្លឹបកំពុងស្ថិតក្នុងស្ថានភាពលំបាក។ ប៉ុន្តែអ្វីគ្រប់យ៉ាងលោកពិតជាអរគុណដល់ការសម្រេចចិត្តទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលបានរៀបចំក្រុមឲ្យមកជាល្អប្រសើរវិញ។ បច្ចុប្បន្នទាំងគ្រូ និងក្រុមការងារ ព្រមទាំងកីឡាករក្មេងៗរបស់ Barcelona ទាំងអស់កំពុងធ្វើការងារបានយ៉ាងល្អជាមួយគ្នា។ លោកក៏សង្ឃឹមថា នឹងអាចបន្តដឹកនាំនៅ Barcelona បាន ៣,៤ ឬ៥ឆ្នាំបន្ថែមទៀតផងដែរ។
រំលឹកថា លោក Ronald Koeman បានចូលខ្លួនមកដឹកនាំ Barcelona រដូវកាលមុន ដោយជួយឲ្យក្រុមមួយនេះឈ្នះពាន Copa del Rey 2020-2021 និងបានលេខ៣នៅ La Liga ផងដែរ៕