ខ្សែ​ការពារ Jules Kounde ​ទទួល​បាន​កាត​ក្រហម ​ក្រោយ​ពី​រូបគេ​បាន​យក​បាល់​ទៅ​គប់​កីឡាករ Jordi Alba ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Sevilla ​និង FC Barcelona ​។

Jules Kounde
Jules Kounde

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ១ ទល់នឹង ១ ​ប៉ុណ្ណោះ។ ដោយ​ខាង​ម្ចាស់​ផ្ទះ Sevilla ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ថែម​ទៀត​ផង។

ដោយ ​១​គ្រាប់​នាំ​មុខ​នោះ​ធ្វើ​បាន​ពី​សំណាក់​កីឡាករ Gomez ​នៅ​នាទី​៣២ ​ប៉ុន្តែ​ឈាន​ដល់​នាទី​៤៥ ខ្សែការពារ Araujo ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Barcelona ​វិញ​បាន។ ​នៅ​តង់​ទី​២ ​នាទី​៦៤ ​ក្រុម Sevilla ​ក៏​សល់​ត្រឹម​គ្នា ​១០​នាក់​ទេ ​ក្រោយ​ពី Kounde ​បាន​កាត​ក្រហម តែ​យ៉ាង​ណា​លទ្ធផល​នៅ​តែ​រក្សា ១ ទល់នឹង ១ ​រហូត​ចប់​ការ​ប្រកួត។

​ការ​បាន​កាត​ក្រហម​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​ដែរ ​គឺ​ដោយសារ​តែ​រូបគេ​រើស​បាល់​ចេញ ​ហើយ​បាន​គប់​ទៅ​ត្រូវ​កីឡាករ Alba ​បណ្ដាល​ឱ្យ​ដួល​ទី​លើ​ដី។ ​អាជ្ញាកណ្ដាល​ដែល​នៅ​ក្បែរ​នោះ ​មិន​មាន​ការ​សង្ស័យ​អ្វី​ពី​សម្រេច​ចិត្ត​ផ្ដល់​កាត​ក្រហម​ផ្ទាល់​ទៅ​លើ​គេ​ឡើយ៕