កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។

ប្រធានក្លឹប PSG នឹង Kylian Mbappe
ប្រធានក្លឹប PSG នឹង Kylian Mbappe

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។

គួរបញ្ជាក់ថា ក្រុមអ្នកមាន PSG បានក្លាយជាជើងឯកនៃក្របខណ្ឌ Ligue 1 សម្រាប់រដូវកាល ២០២១-២០២២ នេះហើយ បន្ទាប់ពីបញ្ចប់ការប្រកួត ៣៨ សប្តាហ៍ពួកគេឈរនៅលើកំពូលតារាងមាន ៨៦ ពិន្ទុ, ដោយឡែកក្រុម Metz វិញនឹងត្រូវធ្លាក់ទៅកាន់លីគទី ២ នៅរដូវកាលក្រោយ ដោយពេលនេះពួកគេកំពុងឈរនៅលេខរៀងទី ១៩ មាន ៣១ ពិន្ទុក្នុងដៃ៕