ក្លិប Everton កំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការចុះកុងត្រាយក Donny van de Beek ពី Manchester United បន្ទាប់ពីលោក Frank Lampard បានទទូចឱ្យថ្នាក់លើក្លិបគួរគិតគូទិញយកខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះឱ្យបានឆាប់បំផុតមុនទីផ្សារដោះដូរកីឡាករខែ មករា នេះត្រូវបានបិទបញ្ចប់។

លោក Frank Lampard
លោក Frank Lampard

យោងតាមប្រភពធំៗជាច្រើននៅបរទេសបានឱ្យដឹងថា លោក Lampard អតីតវីរបុរសរបស់ Chelsea នឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់ Everton ផ្លូវការក្នុងរយៈពេលឆាប់ៗខាងមុខនេះ ក្រោយពេលលោក Rafa Benitez ត្រូវបានក្លិបបណ្តេញចេញពីតំណែង បន្ទាប់ពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Aston Villa។

ជាការពិតណាស់ Van de Beek មិនបានលេងគ្រប់គ្រាន់នោះទេ តាំងតែពីរជ្ជកាលដឹកនាំរបស់លោក Ole Gunnar Solskjaer មកម្ល៉េះ ហើយសូម្បីឥឡូវក្រោមការដឹកនាំរបស់លោក Ralf Rangnick ក៏គេមិនមែនកៅអីលេងផងដែរ ម្យ៉ាងទៀតគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានរាប់រូបគេទៅក្នុងចំណែកលើសនៃផែនការរបស់លោកទៀតផង។

អតីតខ្សែបម្រើឆ្នើមរបស់ Ajax រូបនេះក៏ត្រូវបានក្លិប Valencia នៃលីគអេស្ប៉ាញចាប់អារម្មណ៍ខ្លាំងផងដែរ ប៉ុន្តែក្រោយមកពួកគេបានដកខ្លួនចេញវិញ, លុះមកដល់ឥឡូវមានតែក្រុម Crystal Palace ប៉ុណ្ណោះដែលកំពុងប្រជែងគ្នាខ្លាំងជាមួយ Everton ក្នុងការចុះកុងត្រាយកកីឡាករវ័យ ២៤ ឆ្នាំខាងលើ៕