លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​ចេញ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្លឹប​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ Barcelona ​ឈរ​នៅ​ខាង​​ប្រជាជន​អ៊ុយក្រែន​ សូម​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

Joan Laporta
Joan Laporta

លោក​ Laporta បាន​និយាយ​ថា​៖” ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ក្លឹប​ Barcelona ផ្ទាល់​តែ​ម្ដង​ ខ្ញុំ​ចង់​បង្ហាញ​នូវ​ការ​គាំទ្រ​ និង​ការ​ចូល​រួម​របស់​ខ្ញុំ​ជា​មួយ​ប្រជា​ជន​អ៊ុយក្រែន​។ រាល់​ពេល​ដែល​ពួក​យើង​បាន​ទៅ​ប្រទេស​អ៊ុយក្រែន​នេះ​ យើង​តែង​តែ​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ និង​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​ Barcelona នៅ​ក្នុង​ប្រទេស​មួយ​នោះ។ ​យើង​មាន​សមាជិក​យើង​ ២៨រូប​ និង​អ្នក​គាំទ្រ​១០០នាក់​ ដែល​នៅ​ទីក្រុង​គៀវ​ មាន​ជំហរ​ដូច​ជា​ក្លឹប​យើង​អញ្ចឹង​នេះ​ដែរ “។

ប្រធាន​ក្លឹប​ Barca រូប​នេះ​ក៏​បាន​អរគុណ​ដល់​កីឡាករ​ដែល​មាន​ដើម​កំណើត​អ៊ុយក្រែន​ ដែល​ធ្លាប់​មក​លេង​នៅ​ក្លឹប​លោក​នេះ​ ដោយ​ថា​ពួក​គេ​ទាំង​អស់​នោះ​ហើយ​ក៏​បាន​ចូល​រួម​ចំណែក​ជួយ​ក្លឹប​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។

លោក​ក៏​និយាយ​បែប​នេះ​ផង​ដែរ​ថា​៖ “សម្រាប់​ពួក​គេ​ទាំង​អស់​នោះ​ ក៏​ដូច​ជា​ប្រជាជន​អ៊ុយក្រែន​ទាំង​អស់​ដែល​រងគ្រោះ​ដោយ​សារ​សង្គ្រាម​ដ៏​អយុត្តិធម៌​នេះ​ ដឹង​ស្រាប់​ហើយ​ យើង​​ឈរខាងអ្នក​ យើង​នឹង​ជួយ​អ្នក​ឲ្យ​តែ​ចង់​មក​ប្រទេស​យើង​​ដើម្បី​​រក​កន្លែង​ជម្រក​សុវត្ថិភាព​។ ប្រជាជន​អ៊ុយក្រែន​ទាំង​អស់​ Barcelona ឈរ​ខាង​អ្នក​ សូម​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​ “។​

តាំង​ពី​រុស្ស៊ី​ ឈ្លាន​ចូល​អ៊ុយក្រែន​មក​ ក្លឹប​បាល់ទាត់​អឺរ៉ុប​បាន​ធ្វើ​ប្រកាស​សូម​ឲ្យ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន​នេះ​ កីឡាករ​ ក៏​ដូច​ជា​គ្រូ​បង្គោល​ គ្រូ​ជំនួយ​មួយ​ចំនួន​បាន​ឈប់​ពី​ក្លឹប​រុស្ស៊ី​ ក្រោយ​មាន​សង្គ្រាម​នេះ​៕