លោក​ Joan Laporta គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទាក់ទិន​នឹង​កុងត្រា​ថ្មី​រវាង​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ក្លឹប​លោក​នៅ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែ​ការពារ​ Emerson កាល​ពី​ម្សិលមិញ​នេះ​។

លោក​ Joan Laporta នឹង ​ខ្សែ​ប្រយុទ្ធ​ Lionel Messi
លោក​ Joan Laporta នឹង ​ខ្សែ​ប្រយុទ្ធ​ Lionel Messi

លោក​ Laporta បាន​និយាយថា​៖” យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​មួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ Messi នៅ​បន្ត​ជា​មួយ​យើង​ទៀត​​។​ និយាយ​ទៅ​គេ​ចង់​នៅ​បន្ត​ជា​មួយ​ពួក​យើង​ហើយ​ គ្រាន់​តែ​យើង​កំពុង​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ពិត​ជា​នៅ​បន្ត​ជា​មួយ​យើង​ពិត​ប្រាកដ​មែន​ “។

លោក​បាន​បន្ត​ថា​៖” ពួក​យើង​គ្រប់​គ្នា​នេះ​សុទ្ធ​តែ​ចង់​ឲ្យ​ Messi គេ​នៅ​បន្ត​នៅ​ La Liga នេះ​ហើយ​ព្រោះ​គេ​ជា​កីឡាករ​លំដាប់​ពិភពលោក​ ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​ និង​ថែម​ទាំង​ជួយ​លើក​តម្កើង​លីគ​កំពូល​នៅ​នេះ​ថែម​ទៀត​ផង​។ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ Messi ចង់​នៅ​បន្ត​ ខ្ញុំ​ពេញ​ចិត្ត​នឹង​រឿង​ហ្នឹង​មែន​ទែន​។ អ្វីៗ​ទាំង​អស់​ទាំង​រឿង​កុងត្រា​អី​ហ្នឹង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​ល្អ​មែន​ទែន​ហើយ​ “។

គួរ​រំលឹក​ផង​ដែរ​ ពាក្យ​ដែល​ Laporta និយាយ​ថា​ Messi ចង់​នៅ​បន្ត​ ហើយ​រឿង​កុងត្រា​ថ្មី​កំពុង​ដំណើរ​ទៅ​មុខ​នេះ​ជា​ពាក្យ​ដែល​គ្រូ​បង្គោល​នេះ​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ​ ខណៈ​ដែរ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​ទៅ​ពី​មូលហេតុ​ធ្វើ​ឲ្យ​កុងត្រា​នេះ​មិន​អាច​ទៅ​មុខ​បាន​ គឺ​ដោយ​តែ​ខាង​ក្លឹប​កំពុង​មាន​វិបត្តិ​លុយ​កាក់​ និង​បាន​សុំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជួយ​យោគយល់​ បន្ថយ​ថ្លៃ​ប្រាក់​ខែ​ និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​នៅ​ក្នុង​កុងត្រា​ថ្មី​ខាង​មុខ​៕