photo of Leicester City
Leicester City ត្រៀមខ្លួនកសាងជីវិតថ្មី ក្រោយមរណភាពរបស់លោក Vicha

ក្រុម Leicester បានវិលត្រឡប់មកកាន់ការប្រកួតរបស់ពួកគេវិញ នៅក្នុងទឹកដី King Power នៅថ្ងៃសៅរ៍នេះ ខណៈពេលដែលក្រុមអ្នកគាំទ្រ ត្រៀមខ្លួនគោរពដល់វិញ្ញាណក្ខ័ន្ធចុងក្រោយដល់មនុស្សម្នាក់ ដែលបានធ្វើឲ្យក្តីសង្ឃឹមរបស់ពួកគេក្លាយជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើល។

ការត្រៀមខ្លួនមុនការប្រកួតរបស់គ្រូបង្វឹក Claude Puel ជាមួយក្រុម Burnley នៅថ្ងៃសៅរ៍ស្អែកនេះ ត្រូវបានអាក់ខាន ក្រោយរូបលោក និងក្រុមកីឡាករមួយចំនួនធំ ដែលរួមទាំងកីឡាករ Jamie Vardy និងកីឡាករ Kasper Schmeichel បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធរបស់ម្ចាស់ក្លិប Vichai Srivaddhanaprabha ។

គួរឲ្យដឹងថា លោក Vichai បានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រខាងក្រៅពហុកីឡដ្ឋាន ជាមួយនឹងមនុស្ស៤នាក់ផ្សេងទៀត ក្រោយក្រុមរបស់លោកទាត់ស្មើ១-១ជាមួយក្រុម  West Hamនៅក្នុងទឹកដី King Powerកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ។

មរណភាពរបស់លោក បានធ្វើឲ្យមានភាពតក់ស្លុតយ៉ាងខ្លាំងនៅក្នុងក្លិប Leicester City ជាកន្លែងដែលលោក Vichai បានក្លាយជាឥស្សរជនជាទីស្រលាញ់របស់ពួកគេ និងជាមនុស្សដែលបាននាំឲ្យក្លិបសម្រេចជោគជ័យជើងឯក Premier Leagueជាប្រវត្តិសាស្រ្ត កាលពីរដូវកាល២០១៥-១៦៕