photo of Leroy Sane
Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្លាប Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់។

បញ្ហា របួសជង្គង់ធ្ងន់ធ្ងររបស់ Sane បានកើតឡើង បន្ទាប់ពីការប្រកួតបានតែ ១៣នាទី ក្នុងកីឡដ្ឋាន Wembley ក្នុងជំនួប Liverpool និង Manchester City ដើម្បីដណ្តើមពានរង្វាន់ Community Shield កាលពីចុងសប្តាហ៍មុន។

លោក Guardiola បានបញ្ជាក់ថា Sane នឹងត្រូវបញ្ជូនទៅវះកាត់ នៅទីក្រុង Barcelona នាសប្តាហ៍ក្រោយ។ ប៉ុន្តែលោក Guardiola បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលខ្សែប្រយុទ្ធវ័យក្មេងរបស់លោក ត្រូវជួបនឹងរឿងបែបនេះ មុនពេលបើករដូវកាលលីគកំពូលអង់គ្លេស Premier League នៅថ្ងៃសៅរ៍នេះ ដែល Man City ត្រូវប្រកួតជាមួយ West Ham។

សូមជម្រាបជូនដែរថា Leroy Sane កីឡាករអាល្លឺម៉ង់វ័យ ២៣ឆ្នាំ ក៏កំពុងតែត្រូវបានក្លឹបអាល្លឺម៉ង់ Bayern Munich ចែចូវចង់បាន តាំងពីបញ្ចប់រដូវកាលមុន ប៉ុន្តែក្លឹប Man City មិនព្រមលក់គេចេញ៕