សារព័ត៌មាន Sky Germany បានចុះផ្សាយថា ខ្សែប្រយុទ្ធ Robert Lewandowski បានជូនដំណឹងទៅក្លិប Bayern Munich ថារូបគេចង់ចាកចេញនៅរដូវក្ដៅនេះតែម្ដង គឺមិនរង់ចាំឲ្យផុតកុងត្រាសិនឡើយ។

Robert Lewandowski
Robert Lewandowski

​ខណៈនោះដែរ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាក្លិប Barcelona នៅតែចិញ្ចឹមចិត្តចង់បាន​ Lewandowski ពីក្លិប Bayern Munich បើទោះបីជាកន្លងមកថ្នាក់ដឹកនាំផ្នែកកីឡារបស់ Barca ធ្លាប់ចេញមុខបដិសេធថាមិនបានចរចាជាមួយ កីឡាករសញ្ជាតិប៉ូឡូញរូបនេះក្ដី។

Bayern Munich កំពុងពិភាក្សាលើកុងត្រាថ្មីជាមួយកីឡាករវ័យ៣៣ឆ្នាំរូបនេះ ដោយមិនទាន់ឈានដល់ការព្រមព្រៀងណាមួយនោះឡើយ ប៉ុន្តែមើលទៅ Lewandowski ទំនងជាមិនចង់ស្នាក់នៅបន្ត។​

ឥលូវនេះ ភាគីលោក Xavi Hernandez កំពុងរង់ចាំយ៉ាងអត់ធ្មត់ ដោយ Romano បង្ហើបថា Robert Lewandowski ក៏បានដឹងដែរថាក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះចង់បានរូបគេ។​

Barca នឹងមិនបោះបង់ការព្យាយាមក្នុងការចុះកុងត្រាយកគេនោះឡើយស្របពេល Lewandowski នៅសល់កុងត្រា១ឆ្នាំទៀតស្នាក់នៅទឹកដី Allianz Arena ។​គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Robert Lewandowski ស៊ុតបញ្ចូលទីបាន ៤៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួត៕