Lewandowski បញ្ចេញមតិអំពីបញ្ហារ Messi កំពុងជួបនៅ PSG
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បានបញ្ចេញមតិខ្លះៗ អំពីឧបសគ្គដែល Lionel Messi កំពុងជួប នៅ Paris Saint Germain។

ជាការពិតណាស់ Messi បានផ្លាស់ពី Barcelona មកកាន់ PSG កាលពីរដូវក្តៅកន្លងទៅនេះ បន្ទាប់ពី Barca មិនអាចបន្តកុងត្រាថ្មីឲ្យគេបាន។ ជាក់ស្តែង ចាប់ផ្តើមតាំងពីមកដល់ PSG យើងឃើញថាគេមានឧបសគ្គច្រើន ជាពិសេសនោះគឺ កត្តាអាកាសធាតុដែលគេ ពិបាកក្នុងការសម្របខ្លួន។
លើសពីនេះទៅទៀត យើងឃើញថា គេពុំសូវមានឥទ្ធិពលខ្លាំងដូចកាលនៅ Barca ទេ ដោយរដូវកាលនេះនៅ PSG គេចំណាយពេល ១៤ប្រកួត ទើបតែរកគ្រាប់បាល់បាន១គ្រាប់ប៉ុណ្ណោះ។ Lewandowski បាននិយាយថា៖ “ការផ្លាស់ពីទ្រនំចាស់ មកទ្រនំថ្មី របស់ Messi វាជាកត្តាដែលជះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់មកលើគេ។
គេធ្លាប់តែប្រកបអាជីព នៅក្លិបតែមួយគត់នៅ អេស្ប៉ាញ ហើយគេមិនចេះភាសាអ្វីក្រៅពីភាសាដែលគេប្រើប្រាស់រាល់ថ្ងៃទៀត អ៊ីចឹងសូម្បីតែការសន្ទនាគ្នា ក៏ពិបាកសម្រាប់គេដែរ។
គ្រប់យ៉ាងគឺខុសពី Ronaldo ព្រោះ គេធ្លាប់ប្តូរក្លិប និង លេងនៅលីគផ្សេងៗច្រើនហើយ មួយវិញទៀតឈានដល់វ័យនេះហើយ រឿងផ្លាស់ទៅក្លិបណាៗ វាមិនសំខាន់នោះទេ វាអាស្រ័យទៅកាលៈទេសៈជាអ្នកសម្រេចទេ”៕