កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្លឹប​ Chelsea បាន​ប្រកាស​នាំ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ពី​ក្លឹប​ Inter Milan។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ក្លឹប​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​បាន​ទិញ Lukaku ក្នុង​តម្លៃ​កំណត់ត្រា​មួយ​គឺ​តម្លៃ ១៣៤លាន​ដុល្លារ។

Romelu Lukaku
Romelu Lukaku

តាម​ពិត​ទៅ​កីឡាករ​បែលហ្សិក​រូប​នេះ​ក៏​ធ្លាប់​លេង​ឱ្យ​ក្លឹប​ ដែល​មាន​រហស្សនាម​តោ​ខៀវ​នេះ​ដែរ។ Lukaku លេង​នៅ​ទីនេះ​បាន​ពីរ​រដូវ​កាល​គឺ​នៅ​រដូវ​កាល​ឆ្នាំ២០១១/១២ និង​រដូវ​កាល​២០១៣/១៤។

កីឡាករ​រូប​នេះ​លេង​សរុប​បាន ១៥ប្រកួត និង​មិន​រក​បាន​មួយ​គ្រាប់​សោះ​ឡើយ​។ លុះ​នៅ​រដូវ​កាល​២០១៣/១៤ Chelsea ក៏​ដាក់​កីឡាករ​រូប​នេះ​ឱ្យ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប Everton។

Lukaku បាន​អភិវឌ្ឍ​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ ដោយ​តាំង​ពី​មក​លេង​ឈុត​ធំ​នៅ​ឆ្នាំ២០០៨មក កីឡាករ​រូប​នេះ​លេង​សរុប ៥០៨ប្រកួត និង​រក​បាន ២៥១គ្រាប់៕