Lukaku នឹងអវត្តមានពីប្រកួត UCL ទល់នឹង Real Madrid ក្នុងជើងទី២
ខ្សែប្រយុទ្ធ Romelu Lukaku នឹងអវត្តមានពីប្រកួត UEFA Champions League តទល់នឹងក្លឹប Real Madrid ក្នុងជើងទី២ នៅឯទីលាន Santiago Bernabeu នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់របស់ លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea ក្នុងសន្និសីទមុនប្រកួតនៅក្នុងថ្ងៃនេះ។

Lukaku មិនធ្វើដំណើរជាមួយក្រុមទៅប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រកួតខាងលើនោះទេ ដោយសារតែកីឡាករនេះកំពុងរងរបួសគន្លាក់កជើងខាងក្រោយ ដែលកើតឡើងមុនប្រកួតតទល់នឹង Southampton ក្របខ័ណ្ឌ Premier League ក្នុងលទ្ធផលឈ្នះ ៦ ទល់នឹង ០ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
នៅក្នុងរដូវកាលនេះ Lukaku ចូលលេងឲ្យ Chelsea បាន ៣៦ប្រកួតហើយ ដោយស៊ុតចូលបាន១២គ្រាប់។
សូមរំលឹកផងដែរថាកាលពីជើងទី១ នៃការប្រកួត UCL ខាងលើនៅឯទីលាន Stamford Bridge ខាង Real Madrid ជាអ្នកយកឈ្នះលើ Chelsea ក្នុងលទ្ធផល ៣ ទល់នឹង ១៕