យោងតាមសេចក្ដីរាយការណ៍ពី Todo Fichajes ក្លិប Manchester City កំពុងរៀបចំដាក់សំណើទិញយកខ្សែការពារ Pau Torres នៃក្លិប Villarreal និងក្រុមជម្រើសជាតិអេស្ប៉ាញ។

Pau Torres
Pau Torres

Torres បានក្លាយជាខ្សែការពារមានកេរ្តិ៍ឈ្មោះម្នាក់នៅក្របខណ្ឌ La Liga ដោយបានជួយក្រុម Villarreal លើកពាន Europa League កាលពីរដូវកាលមុនហើយ កន្លងមក ក្លិប Real Madrid ក៏ធ្លាប់ចាប់អារម្មណ៍ចង់ទិញយកគេដែរ។

ឥលូវនេះ ភាគីលោកគ្រូបង្វឹក Pep Guardiola ចង់បាន Torres មកទឹកដី Etihad ដោយ Villarreal នឹងព្រមលក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក្នុងតម្លៃខ្ទង់ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ៥៨លានដុល្លារ)។

Man City មានខ្សែការពារឆ្នើមៗជាច្រើនដូចជា Ruben Dias, John Stones និង Aymeric Laporte ប៉ុន្តែ Nathan Ake ទំនងជាត្រូវក្លិបលក់ចេញដូច្នេះក្លិបត្រូវរកខ្សែការពារមួយរូបទៀតមកជំនួស។ គួរបញ្ជាក់ផងដែរថា ក្រៅពី Man City គឺ Pau Torres ក៏ត្រូវក្លិប Tottenham Hotspur ចាប់អារម្មណ៍ផងដែរ៕