ក្លិបបិសាចក្រហម Manchester United ចង់រក្សាកីឡាករ Juan Mata ឲ្យបន្តលេងនៅកីឡាដ្ឋាន Old Trafford តាមរយៈការផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំទៀត ។

photo of Juan Mata
Man Utd គ្រោងបន្តកុងត្រាថ្មីឱ្យ កីឡាករ Juan Mata ៣ ឆ្នាំទៀត

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Atletico Madrid ដែលនឹងផ្តល់ឱ្យរូបគេនូវការវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញ ។ ខណះក្លឹបកាំភ្លើងធំ Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករវ័យ ៣០ ឆ្នាំរូបនេះផងដែរ ខណះគ្រូបង្វឹករបស់ Arsenal លោក Unai Emery ក៏ធ្លាប់ធ្វើការជាមួយ Mata ផងដែរក្នុងអំឡុងពេលដែលគាត់ទៅដឹកនាំក្លឹប Valencia ។ ក្លឹបទី ៣ ដែលត្រូវបានគេជឿថាមានចំណាប់អារម្មណ៍ចង់នាំយក Juan Mata ក្នុងការផ្ទេរគ្មានតម្លៃខ្លួន គឺក្លឹប Juventus ដោយលោក Max Allegri ក៏កំពុងចង់ពង្រឹងតំបន់ខ្សែបម្រើកណ្តាលរបស់ខ្លួន ដើម្បីប្រជែងយកពានរង្វាន់ Champions League នៅរដូវកាលនេះផងដែរ ។

Juan Mata បានបង្ហាញខ្លួនជាលើកទី ២០០ របស់គាត់សម្រាប់ក្លឹប Manchester United ពេលប្រកួតទល់នឹងក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ ។ នេះបានធ្វើឱ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជាប់ចំណាត់ថ្នាក់កំពូលទាំង ១០០ ទាំងអតីតកីឡាករ និងកីឡាករបច្ចុប្បន្ន ដែលបានបង្ហាញខ្លួនច្រើនបំផុតសម្រាប់ក្លឹបយក្សរបស់អង់គ្លេសមួយនេះ ។

ខ្សែបម្រើវ័យ ៣០ ឆ្នាំ Juan Mata បានផ្ទេរមកចូលរួមជាមួយក្លឹបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០១៤ បន្ទាប់ពីចំណាយពេលអស់ ៣ ឆ្នាំនៅកីឡាដ្ឋាន Stamford Bridge ជាមួយនឹង Chelsea ខណះ កិច្ចសន្យារបស់គាត់ជាមួយនឹងបិសាចក្រហមនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០១៩ នេះ ៕