Man Utd ត្រូវបានអ្នកគាំទ្រខ្លួនឯងចំអក ពេលចាញ់ Burnley ឈ្នះនៅ Old Trafford
ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកគាំទ្រខ្លួនឯងសើចចំអក ស្របពេល Burnley ឈ្នះនៅ Old Trafford ជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League យប់ថ្ងៃពុធទី២២ខែមករាឆ្នាំ២០២០ ដោយលទ្ធផល០-២។

Burnley បានបើកការនាំមុខក្នុងនាទី៣៩ដោយខ្សែប្រយុទ្ធនូវ៉ែលហ្សេឡង់ Chris Wood មុន Jay Rodriguez ស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៥៦ តាមរយៈការលេង មួយ-ពីរ ជាមួយ Wood។នេះជាលើកទី៣ជាប់គ្នាដែល Burnley រកបាន២គ្រាប់មុនក្នុងការប្រកួតទល់ Man Utd នៅ Old Trafford តែជាលើកទី១ដែលពួកគេទទួលបាន៣ពិន្ទុពេញនៅទីនេះ។

ក្រុមលោក Ole Gunnar Solskjaer ដែលទើបមានបញ្ហាថែមទៀតជាមួយរបួសរបស់ Marcus Rashford លេងដូចជាគ្មានថាមពលក្នុងខ្លួននិងកម្របង្កភាពគំរាមកំហែងនៅទីរបស់ Nick Pope ណាស់។នៅពេលសម្រាកវគ្គទី១ អ្នកគាំទ្របិសាចក្រហមបានបន្លឺសំឡេងចំអកក្រុមរបស់ខ្លួន និងម្ដងទៀតនៅពេលចប់វគ្គទី២ ខណៈផ្នែកជាច្រើននៃកន្លែងអង្គុយត្រូវបានចាកចេញ៥នាទីមុនចប់ការប្រកួត។

Man Utd នៅឈរលេខ៥ដដែល តែនៅក្រោមក្រុមលេខ៤ Chelsea ៦ពិន្ទុ។ ចំណែក Burnley ឡើងផុតតំបន់ក្រហម មកឈរលេខរៀងទី១៣។តាំងពី លោក Solskjaer ក្លាយជាអ្នកចាត់ការពេញសិទ្ធិក្នុងខែមករាឆ្នាំ២០១៩មក Man Utd បានចាញ់ការប្រកួត Premier League (១២ប្រកួត) ច្រើនជាងឈ្នះ (១១ប្រកួត)៕