Manchester United បាន​ឲ្យ​ខ្សែបម្រើ Alexis Sanchez ទៅ Inter Milan ខ្ចី​ជើង​រយៈពេល​មួយឆ្នាំ​។ ការធ្វើ​បែបនេះ គឺ Man Utd ចង់​កាត់បន្ថយ​ការចំណាយ​ខ្លះ និង​អាច​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ក្មេងៗ​បង្ហាញខ្លួន​បាន​ច្រើន ដ្បិត​កីឡាករ​សញ្ជាតិ​ស៊ី​លី​រូបនេះ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​តែ​លេង​មិនសូវ​បានល្អ​។​

photo of Alexis Sanchez
Alexis Sanchez
កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte អាច​យក Sanchez ទៅ​ចូលរួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់​ខ្សែប្រយុទ្ធ Romelu Lukaku នៅ​ទឹកដី​អ៊ី​លី​វិញ បន្ទាប់ពី Inter បាន​ទិញយក​រូបគេ​ពី Man Utd ក្នុងតម្លៃ​៩០​លាន​ដុល្លារ​។​
​តាមពិតទៅ​ក្រុម​បិសាច​ក្រហម​បានផ្តល់​លក្ខខណ្ឌ​ទិញ​ផ្តាច់​សម្រាប់ Sanchez ផងដែរ​ក្រោយ​ខ្ចី​មួយឆ្នាំ ប៉ុន្តែ Inter មិន​ទទួលយក​សំណើ​នេះ​ទេ​។​
​អតីត​សមាជិក​ក្រុម Barcelona និង Arsenal វ័យ​៣០​ឆ្នាំ​រូបនេះ ជា​កីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ Premier League ពោលគឺ​បាន​ពី Man United ប្រហែល ៤៩​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ យ៉ាងណាក៏ដោយ តួលេខ​នេះ​មិនមែនជា​តម្លៃ​ប្រាក់​ឈ្នួល​ដែល​ក្រុម​ពី​អ៊ីតាលី​ត្រូវ​ផ្តល់​ឲ្យ​ទាំងអស់​នោះទេ​។​
photo of Alexis Sanchez
Alexis Sanchez
​បើតាម​ការផ្សាយ​របស់ BBC ក្រុម Inter បាន​យល់ព្រម​បង់ប្រាក់​ឈ្នួល​ឲ្យ Sanchez តែ​ជាង​១៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយអាទិត្យ​សម្រាប់​កិច្ចសន្យាខ្ចី​ជើង​មួយឆ្នាំ ហើយ​សល់​ប៉ុន្មាន Man Utd ជា​អ្នក​បង់​បន្ថែម​។​
Sanchez ដែល​ចំណាយពេល​១៩​ខែ​នៅ Old Trafford ក្រោយ​ចាក​ចេញពី​កាំភ្លើង​ធំ​នៅ​ខែមករា ឆ្នាំ​២០១៨ រកបាន​តែ​៥​គ្រាប់ ប៉ុណ្ណោះ ក្នុងការ​បង្ហាញខ្លួន​៤៥​ប្រកួត​ឲ្យ Man Utd​។ ការ​សម្រេស​ឲ្យ Sanchez ទៅ inter នេះ អ្នកចាត់ការ​ទូទៅ Ole Gunnar Solskjaer ចង់​ឲ្យ​កីឡាករ​ក្មេងៗ​ដូចជា Mason Greenwood អាច​បង្ហាញខ្លួន​បាន​ច្រើន​នៅ​រដូវ​កាល​នេះ ព្រមទាំង​អាច​សល់​លុយ​ខ្លះ​លើ​ការចំណាយ​ប្រាក់​ឈ្នួល​៕