photo of Mario Balotelli
ខ្សែប្រយុទ្ធ Mario Balotelli

ខ្សែប្រយុទ្ធ Mario Balotelli បានបញ្ជាក់កាលពីថ្ងៃចន្ទថា រូបគេមិនបានគិតច្រើនឡើយ ក្រោយពីទទួលបានសំណើមួយពីក្លិប Brescia ដែលជាក្លិបស្ថិតក្នុងទីក្រុងដែលរូបគេបានធំធាត់។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំបានជ្រើសរើសយក Brescia ពីព្រោះនៅពេលដែលសំណើរបស់ពួកគេបានមកដល់ ខ្ញុំមិនបានគិតច្រើនឡើយ។ នៅទីនេះ ខ្ញុំមានរាល់អ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ពីព្រោះជាក្រុមមកពីទីក្រុងរបស់ខ្ញុំ»។ Balotelli បានកើតក្នុងទីក្រុង Palermo ប៉ុន្តែ បានចម្រើនវ័យក្នុងទីក្រុង Brescia ភាគខាងជើងប្រទេសអ៊ីតាលី ដែលជាកន្លែងរូបគេមានផ្ទះជួលមួយកន្លែង។

ក្លិប Balotelli បានឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Serie A នៅឆ្នាំនេះ ក្រោយពីត្រូវបានកាត់ចេញ កាលពីឆ្នាំ២០១១។ Balotelli ដែលមិនជាប់កិច្ចសន្យាលេងឲ្យក្លិបណាមួយ បន្ទាប់ពីកិច្ចសន្យារយៈពេលខ្លីជាមួយនឹងក្លិប Marseille បានផុតកំណត់កាលពីរដូវកាលមុន នោះ បានបន្ថែមទៀតថា៖ «ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំក្នុងការរស់នៅបរទេស ជាងប្រទេសអ៊ីតាលី។ ម្តាយរបស់ខ្ញុំបានយំ នៅពេលដែលគាត់បានឮថា ខ្ញុំនឹងវិលទៅកាន់ក្លិប Brescia ហើយគាត់ពិតជារីករាយណាស់»៕