Mason Mount ចង់ឈ្នះពាន Club World Cup ម្តងជាមួយក្រុម Chelsea
កីឡាករ Mason Mount ថា គេចង់ជួយក្រុម Chelsea ឲ្យបានឈ្នះពាន Club World Cup ម្តង សម្រាប់កសាង ប្រវត្តិសាស្ត្រដំបូងឲ្យក្លិប។

ជាការពិតណាស់ ពាន Club World Cup នេះ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ ២០០០ ដោយ FIFA សម្រាប់ឲ្យ ក្រុមបាល់ទាត់កំពូលៗ មកពីជុំវិញពិភពលោកទាំងអស់ បានប្រកួតប្រជែងគ្នា ហើយក្រុមដែលធ្លាប់ឈ្នះពាននេះច្រើនបំផុតនោះគឺ ក្រុម Real Madrid ដែលធ្លាប់ឈ្នះរហូតដល់ ៤សម័យកាល។
យ៉ាងណាមិញ សម្រាប់ការប្រកួតពាន Club World Cup នេះ ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតវគ្គដំបូង នៅយប់ម៉ោង ១១:៣០នាទី នេះហើយ ទល់នឹងក្រុម Al Hilal fc មកពីលីគប្រទេស អារ៉ាប៊ីសាអូឌីត។
Mount បាននិយាយថា៖ “ពួកយើងពិតជាចង់ឈ្នះ ការប្រកួតពាននេះណាស់ ព្រោះពួកយើងមិនដែលឈ្នះពាននេះទេ កាលពីកន្លងមក។ ពួកយើងតែងតែចង់ឈ្នះវាជាក្រុម ដូចជាយើងចង់ឈ្នះពានផ្សេងៗអ៊ីចឹង ព្រោះឆន្ទៈរបស់ពួកយើងទាំងអស់គ្នាគឺ រួមគ្នាដើម្បីជ័យជម្នះ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា វានឹងដំណើរការបានល្អក្នុងការប្រកួតប្រជែងនេះ”៕