Mason Mount ជាគោលដៅ Man City និង Liverpool ចាប់អារម្មណ៍
Chelsea កំពុងតែបារម្ភខ្សែបម្រើ Mason Mount ធ្លាក់លើដៃរបស់ Manchester City ឬ Liverpool ដោយសារតែក្លឹបរបស់ពួកគេជួបវិបត្តិម្ចាស់ក្លឹប។

កីឡាករសញ្ជាតិអង់គ្លេសវ័យ២៣ឆ្នាំគឺជាកីឡាករ Chelsea ម្នាក់ដែលមានថ្លៃពលកម្មទាបជាងគេបំផុតរង្វង់៧ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount នៅសល់កុងត្រា២ឆ្នាំទៀតលើកិច្ចសន្យារបស់គេ ប៉ុន្តែដោយសារតែទណ្ឌកម្មបានរារាំង Chelsea មិនអាចផ្ដល់កុងត្រាថ្មីទៅកាន់គេ។
គូប្រជែង Liverpool និង Man City កំពុងតែតាមដានចាប់អារម្មណ៍ ដែលធ្វើឲ្យតោខៀវកើនក្ដីបារម្ភថា Mount ត្រូវក្លឹបទាំងពីរឆក់យកទៅបាត់។ កន្លងទៅលោក Jurgen Klopp ធ្លាប់និយាយជាសាធារណៈសរសើរលើ Mount ខណៈលោក Pep Guardiola ក៏ជាពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា។
Mason Mount ជាកីឡាករកើតចេញពីយុវជនរបស់ Chelsea ចូលហាត់តាំងតែពីឆ្នាំ២០០៥។ រហូតដល់២០១៩ គេមានឱកាសបានមកលេងក្នុងក្រុមធំ ប៉ុន្តែធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹបផ្សេងៗមួយរយៈ មុនក្លាយជាកីឡាករសំខាន់ក្នុងក្រុមដូចសព្វថ្ងៃ។ Mount ធ្លាប់ត្រូវបានក្លឹប Vitesse លេងក្នុងលីគប្រទេសហុល្លង់ខ្ចីជើងកាលពីរដូវកាល២០១៧-១៨ និងខ្ចីជើងទៅ Derby County រដូវកាល២០១៨-១៩៕