Maycon Calijuri
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល​ Maycon Calijuri

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Maycon Calijuri បានបង្ហាញពីក្ដីរីករាយយ៉ាងខ្លាំងដែលបឹងកេតបានបញ្ចប់ជុំទី១ក្នុងចំណត់ថ្នាក់កំពូលតារាងមិត្តហ្វូនខេមបូឌានលីគ២០១៨ បន្ទាប់ពីផ្ដួលគូប្រជែងកៀកកិត ណាហ្គាវើលដ៍ ៣-២ កាលពីថ្ងៃអាទិត្យទី២៤ខែមិថុនា។

អតីតម្ចាស់ស្បែកជើងមាសលីគកំពូលបេឡារូសឆ្នាំ២០០៩ បានបញ្ជូនបាល់ឱ្យ Paul Omogba ស៊ុតចូល១គ្រាប់ និងជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រចុងម៉ោងឱ្យបឹងកេតឈ្នះយ៉ាងប៉ផុតប៉ផើយលើណាហ្គាវើលដ៍នៅថ្ងៃបង្ហើយជើងទី១ រុញបឹងកេតឡើងទៅលេខ១ ហើយច្រានក្រុមលោក មាស ចាន់ណា ធ្លាក់មកលេខ២វិញ។

photo of Maycon Calijuri
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល​ Maycon Calijuri

កីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយ “ពិតណាស់ វាល្អមែនទែន។ ខ្ញុំសប្បាយចិត្តដែលបានជួយក្រុមរបស់ខ្ញុំបញ្ចប់ជុំទី១ក្នុងចំណាត់ថ្នាក់កំពូលតារាង។ វាជាគោលបំណងរបស់យើងក្នុងការឈ្នះគ្រប់ប្រកួតរហូតដល់ចប់រដូវកាលដោយ។ ឥឡូវយើងមានក្រុមហ៊ុនឧបត្ថម្ភថ្មីៗ មានម្ចាស់ក្លិបថ្មី ដូច្នេះយើងត្រូវតបស្នងដល់ពួកគេវិញ រួមទាំងអ្នកគាំទ្រ ចំពោះអ្វីដែលពួកគេផ្ដល់ដល់ពួកយើង”។ លោកក៏បានបន្ថែមទៀតថា “ពេលយើងប្រកួត ពួកយើងតែងតែជឿជាក់ថាពួកយើងអាចធ្វើបាន។ ពួកយើងតស៊ូរហូតដល់សំឡេងកញ្ចែបញ្ចប់ការប្រកួត” ។

photo OF Maycon Calijuri
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល​ Maycon Calijuri
គួរបញ្ជាក់ថា បឹងកេត ពេលនេះមាន២៧ពិន្ទុ ពីជ័យជម្នះ៨ដងនិងស្មើ៣ដងក្នុងចំណោម១១ប្រកួតក្នុងជើងទី១ និងជាក្រុមតែមួយគត់ដែលមិនទាន់ចាញ់ក្នុងរដូវកាល២០១៨នេះ។ ណាហ្គាវើលដ៍ ឈរលេខរៀងទី២មាន២៥ពិន្ទុ៕