ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​បាន​ល្ហិចល្ហៀង​ថា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​សម្រាប់​​រដូវកាល​ខាង​មុខ​នេះ​ហើយ​ ដោយ​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain ផ្លាស់​ទៅ​កាន់​ក្លឹប​ Real Madrid ក្នុង​លក្ខណៈ​ Free Agent ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ក្នុង​ថ្ងៃ​នេះ​។

Kylian Mbappe
Kylian Mbappe

បើ​តាម​ប្រភព​ខាង​លើ​ Mbappe នឹង​ចុះ​កុងត្រា​រយៈពេល​ ៥ឆ្នាំ​ជា​មួយ​ Real Madrid ដោយ​កីឡាករ​នេះ​សុខ​ចិត្ត​យក​ប្រាក់​ខែ​តិច​ ជាង​ប្រាក់​ខែ​ដែល​ PSG ផ្ដល់​ឲ្យ​ឲ្យ​តែ​កីឡាករ​នេះ​ព្រម​បន្ត​កុងត្រា​ថ្មី​។

យ៉ាង​ណា​បើ​តាម​សម្ដី​ Mbappe ផ្ទាល់​កាល​ពី​ម្សិលមិញ​ទាក់​ទង​នឹង​អនាគត​របស់​ខ្លួន​ទៅ​ Real Madrid ឬ​បន្ត​នៅ​ PSG គឺ​មិន​ទាន់​សម្រេច​ទេ​ ដោយ​​និយាយ​ថា​៖” ខ្ញុំ​មិន​អាច​និយាយ​ពី​អនាគត​របស់​ខ្ញុំ​បាន​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ដឹង​ថា​អ្នក​នឹង​ដឹង​នៅ​ពេល​ឆាប់ៗ​នេះ​ ជិត​សម្រេច​មែន​ទែន​ហើយ​ ពេល​នេះ​មិន​ទាន់​ដល់​ពេល​ទេ​ តែ​ហ្នឹង​ហើយ​​ ការ​សម្រេច​ចិត្ត​ខ្ញុំ​គឺ​ជិត​ហើយ​ “។

គួរ​បញ្ជាក់​ផង​ដែរ​ Real Madrid ធ្លាប់​ដាក់​សំណើ​ទិញ​ Mbappe ពី​ PSG ប្រមាណ​ ២០៨លាន​ដុល្លារ​ កាល​ពី​រដូវកាល​មុន​ ប៉ុន្តែ​ PSG បដិសេធ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អន់​ចិត្ត​ផង​ដែរ​។ មក​ទល់​នឹង​ពេល​នេះ​សារព័ត៌មាន​ជា​ច្រើន​ថា​ Real Madrid មាន​ភាព​ជឿជាក់​ខ្ពស់​ និង​ឱកាស​ច្រើន​យក​​ Mbappe មក​កាន់​ក្លឹប​របស់​ខ្លួន​៕