Messi ចង់ឲ្យ Barcelona ជួយជ្រោមជ្រែង Ansu Fati ឲ្យដូចអ្វីដែលក្លឹបបានធ្វើចំពោះខ្លួន

ខ្សែប្រយុទ្ធ Lionel Messi បានយកឱកាស ដើម្បីនិយាយពីបញ្ហាជាច្រើនដែលបានកើតឡើងនៅ Barcelona ដែលប្រធានបទនៅក្នុងចំណោមនោះ មានការពាក់ព័ន្ធនឹង ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati។
ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានក្ដីរំពឹងថា កីឡាករវ័យក្មេង ដែលទើបតែទទួលបានសញ្ជាតិអេស្ប៉ាញ នឹងត្រូវបានផ្ដល់ឱកាស និង ពេលវេលាដើម្បីអភិវឌ្ឍខ្លួន។
ប្រធានក្រុម Barcelona រូបនេះបាននិយាយថា៖ “ខ្ញុំពិតជាពេញចិត្ត Fati ខ្លាំងណាស់ ហើយនឹងប្រឹងប្រែងជួយ និង គាំទ្រគេ។ គេជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ហើយគេមានគុណភាពចាំបាច់ ដើម្បីទទួលបានភាពជោគជ័យ។
“ប៉ុន្ដែបើតាមការយល់ឃើញរបស់ខ្ញុំ, ខ្ញុំចង់ឲ្យ Barcelona ជួយជ្រោមជ្រែងរូបគេ ដូចដែលពួកគេបានធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើម។ ការបំពេញការងារបានល្អ និង ប្រកបដោយភាពអត់ធ្មត់ ម្ដងបន្ដិចៗ ដោយមិនរងសំពាធ។
“យើងមិនត្រូវភ្លេចទេថា គេទើបតែមានអាយុ១៦ឆ្នាំ។ គេត្រូវតែបន្ដការរីករាយជាមួយនឹងអាជីពបាល់ទាត់របស់គេ ហើយធានាថា សំលេងនៅជុំវិញគេ មិនផ្ដល់ផលប៉ះពាល់បែបអវិជ្ជមានដល់គេនោះទេ ព្រោះគេមានគុណភាព ក្នុងចំណោមកីឡាករល្អបំផុត។”