Messi ថា មានកីឡាករបីនាក់សុទ្ធសឹងតែអាចប្រឈមនឹង Ballon d’Or ឆ្នាំនេះ

Lionel Messi បានលើកឡើងថា Neymar, Kylian Mbappe និង Luis Suarez ជាបេក្ខភាពដែលអាចប្រជែងខ្លួន និង Cristiano Ronaldo លើកពាន Ballon d’Or ឆ្នាំ២០១៨នេះ។
១០ឆ្នាំចុងក្រោយ ពានកីឡាករល្អជាងគេលើលោក Ballon d’Or មិនដែលធ្លាក់ទៅដៃកីឡាករណាផ្សេងឡើយក្រៅពី Messi និង Ronaldo ឡើយគឺចែកគ្នាម្នាក់៥ដង។ ចំណែកចំណាត់ថ្នាក់លេខ២ ក៏ស្ទើរបានទៅកីឡាករទាំងពីររាល់ឆ្នាំដែរ មានតែឆ្នាំ២០១០ ទេ Andres Iniesta បានលេខ២និង Xavi លេខ៣។

ត្បិតតែជោគជ័យច្រើនឆ្នាំកន្លងទៅ តែសម្រាប់ឆ្នាំនេះកីឡាកររបស់ Barcelona ខាងលើយល់ថា មានគូប្រជែងច្រើន។ “សព្វថ្ងៃមានកីឡាករខ្លាំងៗជាច្រើន ដែលអាចឈ្នះ Ballon d’Or។ ឆ្នាំមុនអ្នកអាចឈ្នះពាននេះមានតែ២នាក់ប៉ុណ្ណោះ តែពេលនេះមានច្រើនណាស់ដូចជា Neymar, Kylian Mbappe និង Luis Suarez សុទ្ធតែអាចប្រជែង”។ Messi ប្រាប់ទស្សនាវដ្ដី WorldSoccer Magazine។នៅសប្ដាហ៍ក្រោយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ Messi ត្រូវជួយក្រុម Barcelona តទល់នឹង Chelsea ក្នុងពាន Champions League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ៕