កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Ligue 1 រវាងក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Nantes។

Lionel Messi
Lionel Messi

ជាការពិតណាស់ PSG ពិតជាធ្វើបានល្អមែនទែន ត្បិតសល់គ្នាត្រឹម ១០ នាក់ក៏ដោយបន្ទាប់ពីអ្នកចាំទី Keylor Navas ទទួលបានកាតក្រហមនៅនាទីទី ៦៥ ហើយក្នុងនោះពួកគេបានទទួលជ័យជម្នះទៅលើក្រុម Nantes ក្នុងលទ្ធផល ៣ ទល់នឹង ១។

យ៉ាងណាមិញ ក៏ចូលរួមអបអរសាទរទៅកាន់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ផងដែរ ដែលរូបគេអាចរកបានគ្រាប់បាល់ដំបូងនៅក្របខណ្ឌ Ligue 1 ចាប់តាំងផ្ទេរចេញពី Barcelona នៅរដូវកាលនេះ។

គួរបញ្ជាក់ថា ៣ គ្រាប់របស់ PSG គឺកើតឡើងដោយការស៊ុតបញ្ចូលទីរបស់ Kylian Mbappe នៅនាទីទី ២, កីឡាករ Dennis Appiah របស់ក្រុម Nates ភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងនៅនាទីទី ៨១ និងគ្រាប់ចុងក្រោយ Messi ស៊ុតនៅនាទីទី ៨៧។

ចំណែកឯ ១ គ្រាប់របស់ Nates វិញគឺកើតឡើងនៅនាទីទី ៧៦ តាមរយៈការស៊ុតបញ្ចូលទៅរបស់កីឡាករ Randal Kolo Muani។

ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់កាលពីយប់មិញ ពេលនេះ PSG នៅបន្តឈរលើកំពូលតារាងដដែល ក្រោយឆ្លងកាត់ ១៤ ប្រកួតពួកគេឈ្នះ ១២ ស្មើ ១ និង ចាញ់ ១ មាន ៣៧ ពិន្ទុ។

រីឯក្រុម Nantes វិញកំពុងឈរនៅលេខរៀងទី ១១ ក្រោយឆ្លងកាត់ ១៤ ប្រកួតដូចគ្នា ពួកគេឈ្នះ ៥ ស្មើ ៣ និង ចាញ់ ៦ មាន ១៨ ពិន្ទុ៕