នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Nice នៅក្នុងការប្រកួតសប្តាហ៍ទី ៩ នៃក្របខណ្ឌ Ligue 1។

Lionel Messi
Lionel Messi

ជាការពិតណាស់ នៅក្នុងជំនួបរវាងក្រុមទាំង ២ យប់មិញពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ PSG ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Nice ក្នុងលទ្ធផល ២-១។

ក្នុងនោះ Lionel Messi ជាអ្នករកបានគ្រាប់បើកឆាកឱ្យ PSG នៅនាទីទី ២៩ តាមរយៈការស៊ុតបាល់ហ្វ្រីឃីគ និង Kylian Mbappe រកបានគ្រាប់ទី ២ នៅនាទីទី ៨៣ ចំណែក ១ គ្រាប់របស់ Nice គឺរកបានដោយកីឡាករ Gaetan Laborde នៅនាទីទី ៤៧។

គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Ligue 1 ក្រោយឆ្លងកាត់ ៩ ប្រកួត ពួកគេឈ្នះ ៨ និង ស្មើ ១ មាន ២៥ ពិន្ទុ, ចំណែក Nice វិញ ពេលនេះកំពុងឈរនៅលេខរៀងទី ១៣ ក្រោយឆ្លងកាត់ ៩ ប្រកួតដូចគ្នា ពួកគេឈ្នះ ២ ស្មើ ២ និង ចាញ់ ៥ មាន ៨ ពិន្ទុក្នុងដៃ៕