Photo of Lionel Messi
Lionel Messi of Barcelona

ខ្សែ​ប្រយុទ្ធ Lionel Messi អាច​មាន​សិទ្ធិ​ដើរ​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ ដោយ​សារ​ចំណុច​មួយ​ ក្នុង​កុងត្រា​ថ្មី​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ។

យោង​តាម​ប្រភព​ដដែល ចំណុច​មួយ​នោះ​ ក្នុង​កុងត្រា​ថ្មី​របស់​ Messi បាន​បញ្ជាក់​ថា ក្នុង​ករណី​តំបន់​កាតាឡាន់​បាន​ឯករាជ្យ ហើយ​ Barcelona មិន​ស្ថិត​ក្នុង​លីគ​កំពូល​អេស្ប៉ាញ បារាំង អង់គ្លេស ឬ​អាល្លឺម៉ង់ នោះ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ មាន​សិទ្ធិ​ដើរ​ចេញ​ពី​ក្លឹប​ដោយ​មិន​ចាំ​បាច់​បង់​សូម្បី​តែ​មួយ​សេន​ឡើយ។ នេះ​បាន​ន័យ​ថា ក្លឹប​អ្នក​មាន​បុណ្យ​នឹង​មិន​បាន​អ្វី​សោះ​ពី​ការ​ចាក​ចេញ​របស់​កីឡាករ​ម្ចាស់​ពាន Ballon D’or ៥​សម័យ​រូប​នេះទេ។​

 សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ ខ្សែ​ប្រយុទ្ធ Messi បាន​ចុះ​កុងត្រា​ថ្មី​ជា​ផ្លូវការ​ជាមួយ​ក្លឹប​ Barcelona ដែល​កុងត្រា​នេះ​ មាន​តម្លៃ​ទិញ​ផ្ដាច់​ដល់​ទៅ ៧០០លាន​អឺរ៉ូ។បែរ​និយាយ​រឿង​តំបន់​កាតាឡាន់​ កាល​ពី​ខែ​តុលា ឆ្នាំ​មុន រដ្ឋាភិបាល​តំបន់​មួយ​នេះ បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រជាមតិ ដើម្បី​ផ្ដាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ។ រដ្ឋាភិបាល​បាន​ហៅ​ការ​បោះ​ប្រជាមតិ​នេះ​ ជា​អំពើ​ខុស​ច្បាប់​ផ្ទុយ​ពី​ធម្មនុញ្ញអេស្ប៉ាញ ហើយ​កន្លង​មក ​បាន​ចាត់​វិធាន​ការ​ក្ដៅ​ផ្សេងៗ​ដូច​ជា​ ការ​បណ្ដេញ​រដ្ឋាភិបាល​កាតាឡាន់ និង​ការ​ដកហូត​សិទ្ធិ​ពិសេស​ក្នុង​តំបន់​នេះ​ជា​ដើម។

បើ​ទោះ​ជា​បច្ចុប្បន្ន​ស្ថានភាព​ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន តែ​ភាព​តានតឹង​រវាង​អ្នក​ចង់​បាន​ឯករាជ្យ និង​អ្នក​មិន​ចង់​បាន​ឯករាជ្យ​នៅ​តែ​មាន៕

ប្រភពពី៖  marca