ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon dÓr 2021 ​ហើយ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Robert Lewandowski ។

Robert Lewandowski នឹង Lionel Messi
Robert Lewandowski នឹង Lionel Messi

​ខ្សែ​ប្រយុទ្ធ​ Lewandowski ​រក​បាន​៥៥​គ្រាប់​នៅ​រដូវ​កាល​២០១៩-២០ ​និង​រក​បាន​៤៨​គ្រាប់​ទៀត​នៅ​ឆ្នាំ​២០២០-២១ ​ហើយ​បច្ចុប្បន្ន​នៅ​រដូវ​កាល​នេះ​រូបគេ​កំពុង​ធ្វើ​បាន​ល្អ​ទៀត​ហើយ​ដោយ​រក​បាន​២៥​គ្រាប់​។ តែ​យ៉ាង​ណា France Football ​បាន​បោះបង់​ការ​ប្រគល់​ពាន Ballon dÓr ​នៅ​ឆ្នាំ​២០២០​ចោល ​ដោយសារ​តែ​កូវីដ​១៩ គ្រា​ដែល Lewandowski ​សក្ដិសម​បំផុត។ ​នៅ​ឆ្នាំ​វិញ ​រូបគេ​ក៏​ទទួល​បាន​ពាន​រង្វាន់​មួយ​ដែរ គឺ​ខ្សែ​ប្រយុទ្ធ​ល្អ​ប្រចាំ​ឆ្នាំ ​តែ​ពាន Ballon dÓr ​បាន​ទៅ​លើ Messi ​វិញ។

​ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់​នេះ​ដែរ Messi ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​ចង់​ប្រាប់​ទៅ Lewandowski ​ថា​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ដែល​បាន​ប្រកួត​ប្រជែង​ជាមួយ​គាត់។ អ្នក​សម​ឈ្នះ Ballon dÓr។

ឆ្នាំ​មុន គ្រប់​គ្នា​សុទ្ធ​តែ​យល់​ថា​អ្នក​គឺ​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ។ ​ខ្ញុំ​គិត​ថា France Football ​គួរ​តែ​ឱ្យ​អ្នក​នូវ​ពាន Ballon dÓr ​របស់​អ្នក។ អ្នក​គួរ​តែ​ទទួល​បាន​វា ​អ្នក​សក្ដិសម​នឹង​បាន​វា​បំផុត” ៕