Mikel Arteta ខឹង Aubameyang សឹងតែដើរចេញពីក្លឹប
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ទំនងជាមានជម្លោះខ្លាំងជាមួយ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រហូតដល់លោកថា លោកចង់ចាកចេញពីក្លិប ដោយខ្លួនឯង។

ជាការពិតណាស់ បញ្ហារបស់ Aubameyang កំពុងតែមានច្រើននៅក្នុងក្លិប Arsenal ថ្មីៗនេះ ដូចជា ការដកស្លាកប្រធានក្រុមចេញពីគេ ហើយក្លិបធ្វើបែបនេះ គឺមកពីគេមិនគោរពវិន័យក្រុម លើសពីនេះទៅទៀត គេក៏ធ្លាប់ត្រូវលោក Arteta មិនដាក់ចូលប្រកួតផងដែរ ដោយសារតែគេមិនគោរពពេលវេលាហ្វឹកហាត់ ហើយតែងតែមានការយឺតយ៉ាវជារឿងៗ។
លោក Arteta បាននិយាយថា៖ “ខ្ញុំមិនចង់ប្រើអំណាចដាក់របបផ្តាច់ការអ្វីនៅក្នុងក្រុមទេ ខ្ញុំសុំតែរឿងម្យ៉ាងគត់ គឺការគោរព និងការតាំងចិត្ត ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ មួយវិញទៀត គេជាកីឡាករកម្រិតពិភពលោកប៉ុណ្ណឹងដែរ ប្រសិនជាខ្ញុំសុំរឿងតូចតាចមួយហ្នឹងមិនបានទេ ខ្ញុំស័្មគ្រចិត្តវេចបង្វិច ដើរចេញពីទីនេះ ដោយខ្លួនឯងក៏បានដែរ” ៕