អ្នក​ចាត់​ការ Mikel Arteta បាន​​និយាយ​ថា លោក​នៅ​តែ​​ដិតដាម​​​ចំពោះ​ការ​ចាញ់ Newcastle ធ្វើ​ឲ្យ Arsenal បាត់​កៅអី​​ទៅ​លេង​​នៅ Champions League ត្បិត​ឈ្នះ Everton ៥-១ នៅ​ប្រកួត​ចុងក្រោយ​ក៏​ដោយ។

Mikel Arteta
Mikel Arteta

ណាត់​ប្រកួត​ចុងក្រោយ​នៅ Premier League កាំភ្លើង​ធំ​បាន​លត់ Everton ដល់​ទៅ​៥-១ ក្នុង​កីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​​ជួយ Arsenal បញ្ចប់​​ឈរ​លេខ​៥​ក្នុង​លីគ​មិន​មាន​កន្លែង​ទៅ​លេង​នៅ UCL រដូវ​កាល​ក្រោយ​​ឡើយ។

តំណែង​លេខ​៤​ក្នុង​ Premier League រដូវ​កាល​នេះ​បាន​ធ្លាក់​ទៅ​លើ​ដៃ Spurs ក្រោយ​ពួក​គេ​ឈ្នះ ៥-០ លើ Norwich។ Arsenal បាន​​ភ្លាត់​បាត់​​តំណែង​លេង​៤​របស់​ខ្លួន បន្ទាប់​ពី​​ចាញ់ Newcastle ២-០នៅ​សប្ដាហ៍​ទី​៣៧ ក្នុង​កីឡដ្ឋាន St James’ Park។ ការ​ចាញ់​មួយ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ឈឺ​ចាប់​របស់​លោក Arteta។

ក្រោយ​ប្រកួត​​ចុងក្រោយ​ក្នុង​លីគ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា Arsenal ត្រូវ​ការ​អភូតហេតុ​ ហើយ​វា​មិន​អាច​កើត​ឡើង​ឡើយ។ តារាង​ពិន្ទុ​នៅ​បញ្ចប់​រដូវ​កាល​មិន​អាច​កុហក​បាន​ឡើយ។ ជា​ការ​ពិត​រដូវ​កាល​មុន Chelsea បាន​លេង​នៅ UCL មាន​ត្រឹម​៦៧​ពិន្ទុ តែ​រដូវ​កាល​នេះ Arsenal មាន​៦៩​ពិន្ទុ​មិន​បាន​ទៅ​លេង។ លោក​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់ ចំពោះ​រឿង​បាន​កើត​ឡើង​ជាមួយ Newcastle៕