ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន​ Takumi Minamino បាន​ផ្លាស់​ពី​ Liverpool ទៅ​កាន់​ក្លឹប​ Monaco ជា​ផ្លូវការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ដោយ​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦​ខាង​មុខ​ ខណៈ​លោក​ Jurgen Klopp នៅ​តែ​បន្ត​សរសើរ​គេ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ថា​គេ​ជួយ​ដល់​ក្រុម​បាន​ច្រើន​។

Jurgen Klopp នឹង Takumi Minamino
Jurgen Klopp នឹង Takumi Minamino

លោក​ Klopp បាន​ធ្វើ​ការ​រៀបរាប់​ពី​អត្តចរិត​របស់​ Minamino នៅ​ Liverpool កន្លង​មក​ដោយ​ថា​ គេ​ជា​កីឡាករ​ល្អ​ ខិត​ខំ​ប្រឹង​ប្រឹង​ ជួយ​ក្រុម​បាន​ច្រើន​ណាស់​ដែល​លើ​ទីលាន​ប្រកួត​ ទីលាន​ហ្វឹកហាត់​ ជា​កីឡាករ​ដែល​មាន​ភាព​ចង់​ជោគជ័យ​ ចង់​ឈ្នះ​ការ​ប្រកួត​រហូត​ ជា​កីឡាករ​ ដែល​អ្នកចាត់ការ​គ្រប់​រូប​ចង់​បាន​។

អ្នកចាត់ការ​ Liverpool រូប​នេះ​ក៏​បាន​បដិសេធ​នូវ​ពាក្យ​សម្ដី​មួយ​ចំនួន​ដែល​លើក​ឡើង​ក្នុង​ន័យ​ថា​ Minamino មក​ពី​មិន​កើត​នៅ​ Liverpool នេះ​ហើយ​បាន​ជា​ទៅ​ Monaco ដោយ​លោក​ Klopp បាន​និយាយ​ថា​ កីឡាករ​ជប៉ុន​នេះ​ជួយ​ឲ្យ​ Liverpool មាន​ឱកាស​កាន់​តែ​​ច្រើន​ ជា​អ្នក​ញ៉ាំង​ឲ្យ​ជញ្ជាំង​ដាក់​ពាន​ត្រូវ​ធ្វើ​ថែម​ថ្មី​ជា​រៀងរាល់​ឆ្នាំ​។

លោក​ Klopp ថា​ Liverpool គឺ​ពេញចិត្ត​នឹង​ Minamino មែន​ទែន​ដោយ​កីឡាករ​រូប​នេះ​នឹង​ជោគជ័យ​ធំ​នៅ​​ Monaco ។

Minamino មក​លេង​ឲ្យ​ Liverpool បាន​២ឆ្នាំ​កន្លះ​ តាំង​ពី​ឆ្នាំ​២០២០មក​ ដោយ​ចូល​រួម​លេង​បាន​ ៥៥ប្រកួត​ និង​ស៊ុត​ចូល​១៤គ្រាប់​៕