Liverpool បាន​យល់​ព្រម​លក់​កីឡាករ​សញ្ជាតិ​ជប៉ុន Takumi Minamino ទៅ​ឲ្យ​ក្លឹប Monaco ហើយ​​ក្នុង​តម្លៃ​ខ្លួន​១៥,៥​​លាន​ផោន។

Takumi Minamino
Takumi Minamino

Monaco ​ដែល​មាន​មូលដ្ឋាន​ក្នុង​​ Ligue 1 គឺ​ជា​ក្លឹប​​មួយ​ក្នុង​ចំណោម​ក្លឹប​ផ្សេង​ទៀត​ដាក់​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​២៧​ឆ្នាំ​​​។ Minamino ចូលរួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ​២០២០​ផ្ទេរ​ពី​ក្លឹប​ Red Bull Salzburg ក្នុង​តម្លៃ​ខ្លួន​៧,២៥​លាន​ផោន។

Minamino រក​បាន​១៤​គ្រាប់​ក្នុង​​ការ​បង្ហាញ​ខ្លួន​ឲ្យ​ហង្សក្រហម​៥៥​ប្រកួត និង​ជា​អ្នក​រក​បាន​គ្រាប់​​ច្រើន​ជាង​គេ​​នៅ​​ពានរង្វាន់​ Cup ក្នុង​ស្រុក​កាល​ពី​រដូវ​កាល​មុន។ ៧​គ្រាប់​របស់ Minamino បាន​ជួយ​ក្រុម​លោក Jurgen Klopp ឈ្នះ​ពាន FA Cup និង League Cup។

យ៉ាងណាមិញ គេ​​បង្ហាញ​ខ្លួន​បាន​តែ​១១​ប្រកួត​គត់​ ក្នុង​នោះ​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​បាន​ម្ដង​​ក្នុង​ពាន​រង្វាន់ Premier League ខណៈ Liverpool បញ្ចប់​រដូវ​កាល​បាន​ត្រឹម​លេខ​២​ក្រោម Man City មួយ​ពិន្ទុ។ Minamino ក៏​​ធ្លាប់​ត្រូវ​​បាន​ហង្សក្រហម​ឲ្យ Southampton ខ្ចី​ជើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មុន​ពេល​ត្រលប់​មក​ជួយ​ក្រុម​វិញ​នៅ​រដូវ​កាល​២០២១-២២៕