ខ្សែបម្រើ​ Luka Modric បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​ទាន់​បាន​គិត​គូរ​រឿង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូអាត​នៅ​ឡើយ​ទេ​ ដោយ​ចាំ​ប្រកួត​ World Cup 2022 ចប់​សិន​។

Luka Modric
Luka Modric

Modric បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ទាន់​បាន​គិតគូរ​ពី​រឿង​ចូល​និវត្តន៍​ហ្នឹង​ទេ​។ ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” នៅ​ខណៈ​នេះ​យើង​មាន​ឱកាស​បាន​មក​វគ្គ​នេះ​ក្នុង​ប្រកួត​ Nations League បន្ទាប់​មក​យើង​មាន​ប្រកួត​ World Cup ក្រោយ​ប្រកួត​ហ្នឹង​ចប់​ចាំ​មើលៗ​មាន​អ្វី​កើត​ឡើង​។ ខ្ញុំ​នឹង​ព្យាយាម​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​បំផុត​។​ នៅ​ពេល​នោះ​ខ្ញុំ​នឹង​និយាយ​ជា​មួយ​គ្រូ​បង្វឹក​ និង​មនុស្ស​ដែល​ខ្ញុំ​ទុកចិត្ត​បំផុត​ តែ​សម្រាប់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​បាន​គិត​គូរ​រឿង​នេះ​នៅ​ឡើយ​ទេ​ “។

នៅ​ក្នុង​ឆ្នាំ​នេះ​ Modric មាន​វ័យ​៣៧ឆ្នាំ​ហើយ​ ដោយ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​អស់​ហើយ​ជា​មួយ​នឹង​ក្លឹប​ ជា​ពិសេស​ជា​មួយ​នឹង​ Real Madrid ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្រូអាត​របស់​គេ​គឺ​មិន​ទាន់​ឈ្នះ​ធំៗ​ទេ​។ ក្នុង​អាទិត្យ​នេះ​ គេ​នឹង​ចូល​ក្រុម​ជម្រើស​ជាតិ​ក្នុង​ប្រកួត​ Nations League តទល់នឹង​ ដាណឺម៉ាក​ និង​ អូទ្រីស​៕