Monaco នឹងត្រូវប៉ះជាមួយ PSG ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានបារាំង
Monaco បានផ្តួលក្រុម Montpellier ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ដោយការស៊ុតបាល់បញ្ចូលទី ២ គ្រាប់ របសស់ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Radamel Falcao ដើម្បីឈានទៅជួបក្រុម Paris Saint-Germain ក្នុងការប្រកួតពាន League Cup របស់បារាំង វគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Falcao បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុននៅនាទី ទី ១៥ នាកីឡដ្ឋាន Stade Louis II នៅមុនពេល Monaco មិនត្រូវបានអនុញ្ញាតឲ្យមានបាល់ប៉េណាល់ទី ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល។
ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ បានបន្ថែមការនាំមុខរបស់ក្រុមខ្លួននៅមុនពេលឈានដល់នា ទី ៣០ ហើយបើទោះបីការស៊ុតបាល់បញ្ចូលទីក្នុងតង់ទី ២ របស់ខ្សែបម្រើ Rony Lopes មិនត្រូវបានយកជាផ្លូវការ ដោយបច្ចេកវិទ្យាវីដេដូ សម្រាប់បាល់ក្រៅទីតាំងល្បែងក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Leonardo Jardim បានកត់ត្រាជ័យជម្នះដោយងាយដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រជាមួយ PSG នាថ្ងៃទី ៣១ ខែមីនា។
ក្រុមម្ចាស់ការពារតំណែងជើងឯករបស់ Ligue 1 មួយនេះ នឹងសម្លឹងរកការសងសឹកមួយ ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម PSG ក្នុងលទ្ធផល ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន។
លោក Jardim គ្រូបង្វឹករបស់ Monaco បានឲ្យដឹងថា៖ “Falcao មិនបានរកគ្រាប់បាល់ ៣ ប្រកួតមកហើយ ប៉ុន្តែ គ្រប់គ្នាដឹងថា រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ ហើយកីឡាករទាំងអស់ដឹងថា មានពេលជាច្រើនដែលពួកគេមិនរកគ្រាប់បាល់បញ្ចូលទី”៕
ប្រភព : channelnewsasia