លោក​ Jose Mourinho គ្រូបង្គោល​ក្លឹប​ Roma បាន​និយាយ​ក្រោយ​​ឈ្នះ​ពាន​ UEFA Europa Conference League យប់​មិញ​នេះ​ថា​ លោក​នឹង​បន្ត​ដឹកនាំ​ក្លឹប​ Roma ដដែល​ទោះ​ជា​មានក្លឹប​ណា​ផ្សេង​ដាក់​សំណើ​ចង់​បាន​ក៏​ដោយ​។

Jose Mourinho
Jose Mourinho

លោក​ Mourinho បាន​និយាយ​ថា​៖” យើង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ទី​នេះ​ក្នុង​ថ្ងៃ​នេះ​ ឥឡូវ​មាន​រឿង​ជា​ច្រើន​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​បញ្ចេញ​មក​។ ខ្ញុំ​មាន​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ទៅ​ដល់​ក្លឹប​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ​ ប៉ុន្តែ​នៅ​ក្នុង​យប់​នេះ​ ខ្ញុំ​ ១០០% ជា​ Roma ហើយ​ព្រោះ​អ្នកគាំទ្រ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែនទែន​ “។

លោក​បាន​បន្ត​ថា​៖” ខ្ញុំ​នឹង​បន្ត​នៅ​ Roma គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ​ ទោះ​មាន​ក្លឹប​ណា​ដាក់​សំណើ​ចង់​បាន​ ក៏​ខ្ញុំ​នៅ​តែ​ចង់​បន្ត​នៅ​ទី​នេះ​ទៀត​ “។

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ Mourinho ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ មាន​ក្លឹប​មួយ​ចំនួន​ទាក់ទង​ចង់​បាន​លោក​សម្រាប់​រដូវកាល​ខាង​មុខ​ ដែល​ក្លឹប​ទាំង​នោះ​ក៏​មាន​អតីត​ក្លឹប​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ដឹកនាំ​ផង​ដែរ​ យ៉ាង​ណា​លោក​និយាយ​ដូច​ខាង​លើ​នេះ​ អញ្ចឹង​មាន​សំណើ​ទាំង​ប៉ុន្មាន​ត្រូវ​អសារបង់​ហើយ​។

នេះ​ជា​លើក​ទី​១ហើយ​សម្រាប់​ Roma ដែល​បាន​ឈ្នះ​ពាន​ Europa Conference League ខណៈ​នេះ​ជា​លើក​ទី​៥របស់​លោក​ Mourinho ហើយ​ដែល​ឈ្នះ​ពាន​អឺរ៉ុប​ ដោយ​ឈ្នះ​ពាន​ Champions League ២ដង Europa League ២ដង​ និង​ Conference League ១ដង​៕