កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ដែលបង្ហាញទម្រង់លេងមិនល្អក្នុងលីក នឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករពេលប៉ះ Spur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ឡើយ។ នេះបើតាមសម្ដីរបស់គ្រូបង្វឹក Jose Mourinho។

photo of Jose Mourinho
លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Manchester United

បិសាចក្រហមបានចាញ់ West Brom 1ទល់នឹង0 កាល​ថ្ងៃអាទិត្យ ដោយបានធ្វើ​ឲ្យ Manchester City ក្រសោប​បាន​ជើងឯក Premier League សម្រាប់រដូវកាលនេះ។

United នឹងត្រូវលេងទល់នឹងក្រុម Bournemouth ក្នុងក្របខណ្ឌ Premier League នាយប់ថៃ្ងពុធ មុននឹងតទល់ Tottenham Hotspur ក្នុងវគ្គ 1/2 ផ្ដាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី2 របស់អង់គ្លេស។

ក្នុងបទសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន បុរសសញ្ជាតិព័រទុយហ្គាល់ បាននិយាយថា៖ «លោកជ្រើសរើសកីឡាករតាម​របៀបនៃ​ការ​លេងរបស់ពួកគេ។ កីឡាករខ្លះលេងក្នុងជំនួប West Brom នឹងមិនមានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ​ទេ​។ ប៉ុន្តែការប្រកួតជាមួយ Bournemouth ជាឱកាស​សម្រាប់កីឡាករមួយចំនួនបញ្ចេញសមត្ថភាព​ឈាន​ទៅ​ឆក់កៅអីលេងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup»  ៕

ប្រភពពី​៖ BBC