​ខ្សែ​ប្រយុទ្ធ Thomas Muller ​បាន​និយាយ​ថា​ការ​មិន​បាន​ពាន Ballon dör ​ឱ្យ Robert Lewandowski គឺ​ជា​រឿង​អយុត្ដិធម៌​ណាស់ ​ហើយ​ក្រុម Bayern Munich ​នឹង​ដោះស្រាយ​វា​ឱ្យ​ពិភព​បាល់ទាត់​បាន​ឃើញ។

Robert Lewandowski នឹង Thomas Muller
Robert Lewandowski នឹង Thomas Muller

​Messi ​បាន​ឈ្នះ​ពាន Ballon dör ​ក្រោយ​ពី​រូបគេ​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ​ពាន​រង្វាន់ Copa America ​បើ​ទោះ​ជា​ការ​លេង​នៅ​ក្លឹប​អាជីព​នា​ឆ្នាំ​នេះ ​គេ​ធ្វើ​មិន​បាន​ល្អ​សោះ​ក៏​ដោយ។ ​ខណៈ​ដែល​គូ​ប្រជែង Lewan ​វិញ ​ឃើញ​ថា​២​ឆ្នាំ​មក​ហើយ​ដែល ​កីឡាករ​ក្រុម Bayern Munich ​នេះ ​ពេញ Form ​ខ្លាំង ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត។

ចំពោះ​រឿង​នេះ​ដែរ ​មិត្ត​រួម​ក្រុម Muller ​ក៏​អះអាង​ថា​វា​ជា​រឿង​អយុត្ដិធម៌​ខ្លាំង​ផង​ដែរ។ ​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​បញ្ជាក់​ថា Lewan ​ធ្វើ​បាន​ល្អ​ជាង​កីឡាករ​ណា​ទាំង​អស់​បើ​គិត​ពី​បុគ្គល​ម្នាក់​ៗ ​ហើយ​គេ​សម​ឈ្នះ​ជាង Messi ​នា​ឆ្នាំ​នេះ។ ដោយ​រឿង​អយុត្ដិធម៌​ឆ្នាំ​នេះ ​ត្រូវ​បាន Muller ​ចាត់​ទុក​ថា​វា​កើត​មាន​ឡើង​ដូច​កាល Franck Ribery ​នៅ​ឆ្នាំ​២០១៣​ដែរ ​ដែល​ត្រូវ​បាន​គេ​លួច​ពាន​រង្វាន់​ដែល​គេ​សម​ឈ្នះ​បំផុត។

​តែ​រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ Muller ​ចាត់​ទុក​វា​ជា​កម្លាំង​ចិត្ត​សម្រាប់​ក្រុម Bayern Munich ​ថា​នឹង​ប្រឹងប្រែង​លើស​ដើម ​ដើម្បី​យក​ពាន UEFA Champions League ​មក Munich ​វិញ​ជា​ថ្មី ដើម្បី​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ថា​អ្វី​នឹង​កើត​ឡើង។

ដោយ​ឱកាស​ដំបូង​ដែល​នឹង​ត្រូវ​បង្ហាញ​គ្រប់​គ្នា​នោះ គឺ​ការ​ប្រកួត​បិទ​ពូល​នៅ​សប្ដាហ៍​ក្រោយ​ទល់​ក្រុម Barcelona ​។ ​Bayern Munich ​នឹង​ដោះស្រាយ​បញ្ហា​ក្នុង​ការ​ប្រកួត​នេះ​៕