photo of Fernando Llorente
កីឡាករ Fernando Llorente

ក្លឹប Napoli ទី​បំផុត​បាន​ជោគជ័យ​លើ​កិច្ចព្រមព្រៀង​នាំ​យក​កីឡាករ Fernando Llorente មក​ចូលរួម​នៅ Serie A ក្រោយ​ពេល​ដែល​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ផុត​កុងត្រា​ជាមួយ​នឹង​ក្លឹប​ចាស់ Tottenham Hotspur។

ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន បុរស​វ័យ ៣៤ ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​ជាមួយ​ក្លឹប​ Napoli។ Llorente បាន​ចាយ​ពេល ២ រដូវ​កាល​ជាមួយ​មាន់​ខ្នាយ​មាស​ដោយ​រក​បាន ២ គ្រាប់​នៅ PL និង ៣ គ្រាប់​នៅ UCL រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​ដ៏​សំខាន់​ដែល​រុញ​ច្រាន​ឲ្យ Spurs ​យក​ឈ្នះ​ Man City ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​ចាស់។

ក្លឹប​របស់​លោក Carlo Ancelotti នឹង​រំពឹង​លើ​ចំណែក​ថ្មី​រូប​នេះ សម្រាប់​ពង្រឹង​បន្ថែម​ទៀត​នៅ​រដូវ​កាល ២០១៩/២០ បន្ទាប់​ពី​ទើប​តែ​បរាជ័យ​នៅ​លទ្ធផល ៤-៣ ទល់ Juventus ជាមួយ​គ្រាប់​បាល់ Own-Goal របស់​ខ្សែ​ការពារ​ល្អ​បំផុត Kalidou Koulibaly៕