ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់សំណើទៅកាន់ក្លិបកាំភ្លើងធំ Arsenal ក្នុងការខ្ចីជើងខ្សែបម្រើកណ្ដាលកីឡាករ​ Granit Xhaka នាអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

photo of Granit Xhaka 
Granit Xhaka

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានជាប់ពាក់ព័ន្ធនឹងរឿងស្ដោះទឹកមាត់ដាក់អ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal កាលពីខែមុន អំឡុងពេលប្រកួតទល់នឹងក្រុម Crystal Palace ដោយរូបគេបានបង្ហាញកាយវិការខឹងសម្បារពេលត្រូវបានផ្លាស់ប្ដូរចេញ។ ខណៈពេលនោះ Xhaka បានដោះអាវ Arsenal ចេញបោះចោលលើដី រួចដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់តែម្ដង។

បន្ទាប់មកកីឡាករ Granit Xhaka ក៏បានចេញសេចក្ដីថ្លែងការមួយថាទង្វើមិនសមរម្យដែលកើតឡើងទាំងនេះ គឺដោយសារតែគាត់និងក្រុមគ្រួសារត្រូវបានគំរាមកំហែងពីសំណាក់អ្នកគាំទ្ររបស់ Arsenal មួយចំនួនតាមរយៈប្រព័ន្ធអ៊ីនធឺណែត។

Granit Xhaka 
Granit Xhaka

ចាប់តាំងពីពេលនោះមកគាត់ត្រូវបានដកសិទ្ធចេញពីប្រធានក្រុមរបស់ក្រុមកាំភ្លើងធំ Arsenal ហើយទំនាក់ទំនងរបស់រូបគេនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះកាន់តែយ៉ាប់យ៉ឺនទៅ។

យោងតាមកាសែត The Telegraph បានអោយដឹងថាក្លិប Newcastle United ចង់ឆ្លៀតយកឱកាសនេះដាក់សំណើទៅដល់ Arsenal ខ្ចីជើង Xhaka នាខែមករាខាងមុខនេះ។

គួររម្លឹកផងដែរថាកីឡាករ Granit Xhaka បានចាកចេញពីក្លិប Borussia Monchengladbach មកចូលរួមជាមួយនឹងក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃផ្ទេរ ៤៥លានអឺរ៉ូ (ឬប្រហែល៤៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៤៤ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៧ដង៕