Neymar ជាអាវុធសម្ងាត់របស់ PSG ក្នុងការបញ្ចុះបញ្ចូល Sergio Ramos
ខ្សែបម្រើប្រយុទ្ធ Neymar គឺជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការបញ្ចុះបញ្ចូលខ្សែការពារ Sergio Ramos ឲ្យមកចូលរួមជាមួយ Paris Saint-Germain។

Neymar និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នា ម្នាក់លេងនៅ Barcelona និងម្នាក់ទៀតលេងនៅ Real Madrid។ ប៉ុន្តែ Ramos ដែលបញ្ចប់ការរួមរស់រយៈពេល១៦ឆ្នាំនៅកីឡដ្ឋាន Bernabeu បានផ្លាស់មកកាន់ទីក្រុងប៉ារីស មានការរួមចំណែករបស់ Neymar ក្នុងការផ្ដល់យោបល់។
មនុស្សសំខាន់៣នាក់ក្នុងក្លឹប PSG រួមមាន ប្រធានក្លឹបលោក Nasser Al-Khelaifi នាយកផ្នែកកីឡាលោក Leonardo និង Neymar ជាតួសំខាន់ដែលបានទៅនិយាយជាមួយ Ramos។ ខ្សែការពារសំបូរបទពិសោធន៍បាននិយាយប្រាប់ L’Equipe ថា៖ “Neymar បានបញ្ចុះបញ្ចូលខ្ញុំឲ្យចុះកុងត្រាជាមួយ PSG។ Al-Khelaifi និង Leonardo សុទ្ធតែបានបញ្ចុះបញ្ចូលខ្ញុំតាមរបៀបផ្សេងៗ”។
Romos បន្ថែមថា ត្បិតធ្លាប់ជាគូប្រជែងនៅ La Liga ជាមួយ Neymar ប៉ុន្តែពួកគេមានទំនាក់ទំនងល្អនឹងគ្នា។ គេបានសម្រេចចិត្តមក PSG ក្រោយជជែកជាមួយ Neymar។ ការមកដល់របស់ខ្សែការពារដ៏រឹងមាំរូបនេះ មានក្ដីរំពឹងនឹងអាចជួយ PSG លើកពាន UCL ជាលើកដំបូង៕